2024-10-14 09:10
13

ខេត្តបាត់ដំបង៖ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការប្រកាសជូនដំណឹងដល់សាធារណជន និងប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ ពាក់ព័ន្ធការផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរដោយរថយន្តគ្រប់ប្រភេទឆ្លងកាត់តំបន់មួយចំនួន ដែលកំពុងធ្វើការរៀបចំទីតាំងពិធីប្រណាំងទូក បណ្តែតប្រទីប ដោយក្នុងនោះការរៀបចំឱ្យមានទីតាំងស្តង់ពិព័រណ៍នៅប្របដងស្ទឹងសង្កែត្រើយខាងកើតស្ទឹង...។

យោងតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ នេះតទៅស្ថានភាពចរាចរនៅក្នុងក្រុងបាត់ដំបង មានសភាពមមាញឹកខ្លាំង ដោយសារទីតាំងប្របតាមដងស្ទឹងសង្កែ មានការរៀបចំត្រៀមពិធីបុណ្យអុំទូក បណ្តែតប្រទីប ដែលនឹងប្រព្រឹត្តិទៅជាផ្លូវការ នាថ្ងៃទី១៥-១៦ និងទី ១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ 

ដូច្នេះ ដើម្បីសម្រួលដល់ការធ្វើចរាចរ និងចៀសវាងការកកស្ទះចរាចរ កម្លាំងសមត្ថកិច្ចនគរបាលខេត្តបាត់ដំបងត្រូវបានផ្អាកការធ្វើចរាចរដោយយានយន្តគ្រប់ប្រភេទនៅពេលរសៀល នៅតាមបណ្តោយផ្លូវខាងកើតស្ទឹងសង្កែ ក្នុងសង្កាត់រតនៈ ចាប់ពីគល់ស្ពានស្ទឹងសង្កែ (ស្ពានសម្តេចតេជោ) រហូតដល់ក្បាលស្ពានថ្មថ្មី៕