2024-10-15 09:10
11

(កំពត)៖ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២៤នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឲ្យដឹងថាឆ្នាំនេះខេត្តកំពតទទួលបានកិត្តិយសធំណាស់ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជ្រើសរើសយកខេត្តកំពតធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រារព្ធធ្វើពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេលប៣ថ្ងៃ ចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែធ្នូឆ្នាំ២០២៤នាពេលខាងមុខ។
 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្រោមការដឹកនាំអភិបាលខេត្តកំពតមានការរីកចម្រើនលើគ្រប់វិស័យទេសចរណ៍គ្រប់ទីកន្លែង ដើម្បីឱ្យសក្តិសមជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ រយៈពេល ៣ ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី ១៣ រហូតដល់១៥ ខែធ្នូ ឆ្នាំ២០២៤នេះខេត្តកំពត ជាខេត្តដែលមានសក្តានុពលផ្នែកវិស័យទេសចរណ៍ហើយរដ្ឋបាលខេត្តកំពតជំរុញឲ្យ មន្ទីរអង្គភាពជុំវិញខេត្ត ជាពិសេសវិស័យឯកជនទាំងអស់ត្រូវចូលរួមរៀបចំកែលម្អសោភ័ណភាពជុំវិញទីតាំងរបស់ខ្លួន ដោយរៀបចំតុបតែងកែលម្អភ្លើងពណ៌ឱ្យបានស្អាតបន្ថែមទៀត នៅតាមជួនច្បារបំភ្លឺភ្លើងចម្រុះពណ៌ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តកំពតក្នុងព្រឹត្តិការណ៍នៃពិធីបុណ្យសមុទ្រលើកទី ១១ ជុំទី៣ នៅខេត្តកំពតឆ្នាំនេះ។
 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបន្តហើយដឹងទៀតថា កំពតគឺជាខេត្តប៉ូលទេសចរណ៍មួយក្នុងប្រទេសកម្ពុជា ហើយក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្តេចបានដាក់ចេញនូវកិច្ចចង្អុលការឱ្យខេត្តដែលជាគោលដៅទេសចរណ៍ទាំងអស់ ត្រូវតែពង្រីកសក្តានុពល បង្កើននូវការអូសទាញភ្ញៀវទេសចរជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនបន្ថែមទៀតជាពិសេសត្រូវកែច្នៃ តំបន់ឆ្នេរនិងរៀបចំបន្ថែមនូវទីតាំង និងកន្លែងផ្តល់សេវាទេសចរណ៍ឱ្យបានច្រើន។
 

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថាក្រោមការចង្អុលបង្ហាញរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានកសាងរូបសំណាកត្រីសេះសមុទ្ររួចហើយនិងបានសាងសង់នាឡិការយក្សដែលមានកម្ពស់ ៣៥ម៉ែត្រលេចចេញជារូបរាងស្ថាបនារួចរាល់ នាពេលកន្លងមកឃើញថាខេត្តកំពតមានកំណើនភ្ញៀវទេសចរណ៍ជាតិនឹងភ្ញៀវទេសចរណ៍អន្តរជាតិមានការកើនឡើង ហើយនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្តកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀត។
 

សូមបញ្ជាក់ថា រយៈពេល ៣ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរខេត្តបានចាត់ទុកការអភិវឌ្ឍវិស័យទេសចរណ៍ជាចម្បង ដោយបានរៀបចំតុបតែងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការតុបតែងលម្អភ្លើងពណ៌តាមទីសាធារណៈសំខាន់ៗក្នុងខេត្ត បង្កើតឱ្យមានកន្លែងកម្សាន្តថ្មីៗ ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិការយក្ស។
 

ឯកឧត្តម ម៉ៅ ធនិន បានជំរុញឱ្យម្ចាស់អាជីវកម្ម អាជីវករ ដែលបម្រើ និងផ្តល់សេវាកម្មផ្នែកទេសចរណ៍ត្រូវរក្សាឱ្យបាននូវស្ថេរភាពតម្លៃម្ហូបអាហារ សេវាស្នាក់នៅ ក្នុងន័យចូលរួមទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិឱ្យមកសម្រាកលេងលម្ហែកម្សាន្តនៅខេត្តកំពតឱ្យកាន់តែច្រើនបន្ថែមទៀត ពិសេសក្នុងពិធីបុណ្យសមុទ្រលើក១១ ជុំទី ៣ ឆ្នាំនេះដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពតរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃ១៥ ខែធ្នូឆ្នាំ២០២៤នាពេលខាងមុខនេះ៕