2024-10-07 10:10
33

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានធ្វើការអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួលថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្ម ចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

នេះបើយោងតាមសេចក្តីអំពាវនាវរបស់ ក្រសួងទេសចរណ៍ ចំពោះប្រតិបត្តិករទេសចរណ៍ដើម្បីសម្របសម្រួលនិងបង្កលក្ខណៈងាយស្រួលដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដែលបណ្តាញសារព័ត៌មាន អឹម អេស ជេ ទទួលបាននៅថ្ងៃទី០៦ ខែតុលានេះ។

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ ចំពោះប្រតិបត្តិករទេសចរណ៍ ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួល ដល់អនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ សូមជម្រាបជូនម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់នៅតាមរាជធានី-ខេត្មេត្តាជ្រាបថា នៅថ្ងៃអង្គារ-ពុធ ថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេស។ អនុរក្ស និងសិស្សានុសិស្សអាចនឹងចាំបាច់ត្រូវបន្លាស់ទីមកទីរួមខេត្ត ឬតាមទីតាំងមណ្ឌលប្រឡង ផ្សេងៗដែលឆ្ងាយពីទីលំនៅបច្ចុប្បន្ន ដើម្បីចូលរួមការប្រឡង។

អាស្រ័យហេតុនេះ ក្រសួងទេសចរណ៍ សូមអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ ពិសេស អាជីវកម្មសេវាកម្មស្នាក់នៅ ទេសចរណ៍ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូនអ្នកដំណើរ មេត្តាបង្កលក្ខណៈងាយស្រួល និងសម្រួល ថ្លៃសេវាកម្ម ឬកុំដំឡើងថ្លៃសេវាកម្មចំពោះអនុរក្ស និងសិស្សានុសិស្ស ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ទាំងអស់នៅតាមរាជធានី-ខេត្ត នឹងចូលរួមអនុវត្តតាមសេចក្តីអំពាវនាវខាងលើ ប្រកបដោយស្មារតីយោគយល់ និងទទួលខុសត្រូវខ្ពស់៕