2024-10-18 09:10
7

(ខេត្តកណ្តាល)៖ ខណៈជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូកទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រណាំងទូកក្រុងតាខ្មៅរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៧-១៨តុលា២០២៤ នៅសួនច្បារមាត់ទន្លេបាសាក់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលបានណែនាំក្រុមកីឡាចំណុះទូកទាំងអស់ត្រូវយកចិត្តទុកដាក់គោរពវិន័យពេលប្រកួតឲ្យបានម៉ឹងម៉ាត់ តាមគោលការណ៍របស់ខេត្តដើម្បីឲ្យការប្រកួតទទួល បានជោគជ័យល្អប្រសើរ។

ពិធីជួបសំណេះសំណាលនេះធ្វើឡើង នៅមុខសួនច្បារក្រុងតាខ្មៅកាលពីថ្ងៃទី១៧ តុលា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរចំពោះក្រុមកីឡាករចំណុះទូកទាំងអស់ ដែលបានចូលរួមញ៉ាំងឲ្យការរៀបចំពិធីនេះមានភាពអធឹក អធមក្រៃលែង។

ឯកឧត្តម អភិបាលខេត្តបន្តថា៖ ការប្រណាំងទូកនាពេលនេះគឺមិនគ្រាន់តែ នាំមកនូវសុខភាព សាមគ្គីភាព មិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែវាបានរក្សានូវប្រពៃណី ទំនៀមទម្លាប់ របស់បុព្វបុរសយើងមានតាំងពីយូរយាមកហើយ។ 

ការប្រឡងប្រណាំងមានឈ្នះមានចាញ់ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងត្រូវបង្កើនសមត្ថភាពឲ្យបានខ្លាំងក្លាដើម្បីដណ្តើមជ័យលាភីជូនមូលដ្ឋានរបស់ខ្លួនឲ្យល្អបានប្រសើរបំផុត។

គួរបញ្ជាក់ថា៖ ការប្រណាំងទូកក្រុងតាខ្មៅឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន ៦៦ទូក ក្នុងនោះ៖ ទូកអុំចំនួន៣៣ទូក ទូកចែវ០៦ទូក ,ទូកអន្តរជាតិ ២៧ទូក ។ 

ទូកចូលរួមប្រណាំងទាំងអស់គឺមកពីខេត្តកណ្តាលចំនួន៤១ទូក ទូករាជធានីភ្នំពេញចំនួន៣ទូកនិងបញ្ជាការដ្ឋានអង្គរក្សចំនួន០២ទូក, មានកម្លាំងចំណុះទូកសរុប ៣.៩៩៤នាក់។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តកណ្តាលបានឧបត្ថម្ភអំណោយជាគ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួនដល់បណ្តាទូកដែលបានចូលរួមប្រណាំងផងដែរ ៕