2024-10-07 10:10
34

កណ្ដាល៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេចក្ដីជូនដំណឹង កាលពីថ្ងៃសុក្រ ទី០៤ តុលា ឆ្នាំ២០២៤ ថារដ្ឋបាលខេត្តកណ្ដាលនឹងរៀបចំកម្មវិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។

នៅក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាលបានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្ដាល មានកេត្តិយស សូមជម្រាបជូនដំណឹងដល់ សម្ដេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាបានជ្រាបថាក្នុងគោលបំណងចូលរួមថែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូផង់របស់ជាតិ និងដើម្បីបង្កបរិយាកាសរីករាយជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ   ​     បានកម្សាន្តសប្បាយរីករាយព្រមទាំងដើម្បីចូលរួមអបអរសាទរ
ក្នុងពិធីបុណ្យចេញព្រះវស្សា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាដើម្បីត្រៀមលក្ខណៈចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខ រដ្ឋបាលខេត្តកណ្ដាល នឹងរៀបចំពិធីប្រណាំងទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល០២ថ្ងៃ ចាប់ពី ថ្ងៃព្រហស្បតិ៍១៥កើត-ថ្ងៃសុក្រ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងពិធីប្រណាំងទូកនេះផងដែរ រដ្ឋបាលខេត្តកណ្តាលក៏នឹងរៀបចំឲ្យមានការប្រគំតន្ត្រី ការសម្តែង សិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នាពេលរាត្រីផងដែរ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ សាធារណជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប ជាព័ត៌មាន និងអញ្ជើញចូលរួមកម្សាន្តសប្បាយ និងអបអរក្នុងពិធីប្រណាំងទូកនេះ ឱ្យបានច្រើនកុះករ ដើម្បី ញ៉ាំងឱ្យកម្មវិធីប្រព្រឹត្តទៅដោយជោគជ័យ និងប្រកបដោយបរិយាសការរីករាយ៕ (ជួន ចាន់ម៉ារ៉ាឌី)