2024-06-24 08:06
140

ស្ត្រី ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូល ឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយរារាំងមិនឲ្យសមត្ថកិច្ចនាំយកមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចេញពីកន្លែងកើតហេតុ ហើយថែមទាំងជេរប្រមាថ និងប្រើអំពើហិង្សាមកលើសមត្ថកិច្ច បណ្តាលឲ្យស្ត្រីជានាយរងប៉ុស្តិ៍រការកោងទី១ ម្នាក់ រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ 
   ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ ដឹកនាំដោយលោកនាយប៉ុស្តិ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ និងកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកមុខកំពូល បានចុះធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេតត្កណ្តាល ដោយបានឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០២នាក់ ខណៈនោះ ស្រាប់តែមានជនសង្ស័យ ៣នាក់ ដែលត្រូវជាសាច់ញាតិរបស់មុខសញ្ញាខាងលើ បានមករារាំងហាមឃាត់សមត្ថកិច្ចមិនឲ្យយកជនសង្ស័យទាំង ២នាក់ ចេញពីកន្លែងកើតហេតុនោះទេ ហើយថែមទាំងជេរប្រមាថ និងប្រើហិង្សាទៅលើសមត្ថកិច្ចទៀត បណ្តាលស្ត្រីជានាយរងប៉ុស្តិ៍រការកោងទី១ ម្នាក់ ឈ្មោះ ជិន សុធីរ័ត្ន អាយុ ៣១ឆ្នាំ រងរបួស បន្ទាប់មកសមត្ថកិច្ច ក៏ឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ យកមកអធិការដ្ឋានគរបាលស្រុកមុខកំពូលដើម្បីធ្វើការសួរនាំ ។ 
ស្ត្រីសង្ស័យទាំង ៣នាក់ខាងលើ ទី១-ឈ្មោះ យឹម វីហ្សា អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកានីរោងចក្រ , ទី២-ឈ្មោះ សុខ ឡាង អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ និងទី៣- ឈ្មោះ សុខ លីម អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ។ អ្នកទាំង៣ មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
   នៅចំពោះមុខសមត្ថកិច្ច ស្ត្រីសង្ស័យទាំង ៣នាក់ បានឆ្លើយសារភាពថា៖ ពួកខ្លួនពិតជាបានធ្វើសកម្មភាពរារាំង និងប្រើហិង្សាទៅលើសមត្ថកិច្ចពិតប្រាកដមែន ។ 
បច្ចុប្បន្ន ស្ត្រីសង្ស័យទាំង ៣នាក់ ខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមផ្លូវច្បាប់ ៕