2024-05-20 08:05
167

(កំពត)  នៅថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០២៤ នេះឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពត  រួមដំណើរដោយ ឯកឧត្តម លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន  បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៩៥គ្រួសារ រស់នៅក្នុងស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលពិធីនេះរៀបចំធ្វើឡើងចំនួនពីរទីតាំង ទី១ រៀបចំនៅក្នុងបរិវេណវត្តពោធិ៍ជុំ ក្នុងស្រុកអង្គរជ័យចំនួន៦៩គ្រួសារ និងទីតាំងទី២រៀបចំនៅក្នុងបរិវេណវត្តកំពូលមាស ក្នុងស្រុកកំពង់ត្រាច ចំនួន២៦គ្រួសារ  ។ 
នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជាប្រធានគណៈកម្មាធិការសាខា បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ និងការសោកស្តាយ ពីសំណាក់សម្តេច    កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋមកទទួលអំណោយទាំងអស់ដោយក្តីនឹករឭកបំផុត  ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក  អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិន រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តក៏បានបន្តដែរថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាន់តែមានភាពកក់ក្តៅ ភាពសុខដុមរម្យនា និងការអភិវឌ្ឍន៍កាន់តែប្រសើរនៅគ្រប់មូលដ្ឋាន និយាយដោយឡែក ខេត្តកំពត ដូចពុកម៉ែបងប្អូនបានឃើញស្រាប់ គឺមានភាពល្អប្រសើរជាលំដាប់។

  ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យប្រកាន់យកនូវ អនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត  និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្ករបង្កើនផលដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង និងសូមប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង កុំឱ្យក្មេងតូចៗចេញពីផ្ទះ លុបបំបាត់ថ្លុកជ្រាំ សម្រាកក្នុងមុង និងចូលរួមគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស់ស្ទីក។
អំណោយផ្តល់ជូនរួមមាន ១គ្រួសារៗទទួលបាន  អង្ករ២៥គីឡូក្រាម ត្រីខ១០កំប៉ុង  ទឹកត្រី១យួរ មី១កេស   និងថវិកា៥ម៉ឺនរៀល។
គ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន៣គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកត្រី១យួរ  តង់ ១ដុំ និងថវិកា២០ម៉ឺនរៀល។
ក្នុងឱកាសនោះឯកឧត្តម ម៉ៅ ធមិន អភិបាលខេត្ត ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃចំនួនពីរវត្ត ក្នុង១វត្តទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី២យួរ ត្រីខ២០កំប៉ុង មី២កេស ទឹកសុទ្ធ២កេស និងថវិកាមួយចំនួនផងដែរ។ (សឹង រ៉ាត់)