2024-05-02 01:05
40

ខេត្តសៀមរាប ៖ កាលពីថ្ងៃទី១ខែឧសភា ឆ្នាំ ២០២៤ សាលាដំបូងខេត្តសៀមរាបបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការនាំខ្លួនជនត្រូវចោទម្នាក់ឈ្មោះ រ៉េត សុធីដា ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី មើលដ៍ ឯ.ក។  

នៅក្នុងសេចក្តីប្រកាសខាងលើនេះអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានគូសបញ្ជាក់ថានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឱ្យនាំខ្លួនជនត្រូវចោទឈ្មោះ រ៉េត សុធីដា ភេទស្រី អាយុ៣២ឆ្នាំ មកបង្ហាញខ្លួននៅចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីសួរចម្លើយពីបទ “ឆបោកមានស្ថានទម្ងន់ទោស(ជាក្រុម មានការចាត់តាំង)” តាមបញ្ញត្តិមាត្រា៣៧៧និងមាត្រា ៣៨០នៃក្រមព្រហ្មទណ្ឌ។ ការនាំខ្លួនជនត្រូវចោទឈ្មោះរ៉េត សុធីដា ត្រូវបានធ្វើឡើងបន្ទាប់ពីចៅក្រមស៊ើបសួរបានពិនិត្យភស្តុតាងព្រមទាំងបានសួរចម្លើយជនត្រូវចោទឈ្មោះឡេង ចាន់ណា រួចមកនិងឃើញថាជនត្រូវចោទឈ្មោះរ៉េត សុធីដា មានជាប់ពាក់ព័ន្ធ នឹងបទល្មើសខាងលើ។ 

ជាមួយគ្នានេះអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបក៏បានបញ្ជាក់ជូនដែរថា ចៅក្រមស៊ើបសួរនឹងធ្វើការសួរយកចម្លើយជនត្រូវចោទឈ្មោះរ៉េត សុធីដា ទៅតាមនីតិវិធីនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នេះផងដែរ។