2024-05-07 02:05
24

មណ្ឌលគិរី៖ ទីតាំងអណ្តូងអាជីវកម្មអណ្តូងជីកយករ៉ែ ចំនួន ១០កន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចុះប្រតិបត្តិការបង្ក្រាប និងរឹបអូសយកវត្ថុតាងពាក់ព័ន្ធជាច្រើន នៅភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ នេះបើតាមប្រភពព័ត៌មាន បានឱ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នេះ។

ប្រតិបត្តិការដ៏ក្តៅគគុកនេះ ធ្វើឡើងនៅវេលាម៉ោង ០៨និង០០នាទី ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅចំណុច អន្ទ្រង ស្ថិតនៅភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ 

ការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ខាងលើ កម្លាំងចូលរួមមាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលសាលាខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត មន្ទីរបរិស្ថានខេត្ត មន្ទីររ៉ែ និងថាមពលខេត្ត និងអាជ្ញាធរភូមិ ឃុំ ស្រុក ក្រោមដឹកនាំដោយ លោក សាន់ ដារិទ្ធ អភិបាលរងខេត្តមណ្ឌលគិរី និងមានការសម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យ និងបង្ក្រាបការធ្វើរ៉ែអាណនាធិបតេយ្យទាំង១០ទីតាំងនេះ។

ក្នុងការបង្ក្រាបខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីនគោយន្ត ចំនួន ០៧គ្រឿង, ម៉ាស៊ីនបូមទឹក(សាំង) ចំនួន 0៣គ្រឿង, ត្បាល់កិនរ៉ែមាស ចំនួន ០៣គ្រឿង, ត្បាលអុករ៉ែ ចំនួន ០១គ្រឿង, ក្បាលបូមទឹក ចំនួន ០៦គ្រឿង, ម៉ាស៊ីនខ្យល់ ចំនួន 0១គ្រឿង, ម៉ូទ័រទាញតុញាក់ ចំនួន 0១គ្រឿង, ធុងអាស៊ីត ចំនួន 0២ធុង, ជើងតុញាក់ ចំនួន ០១គូ, ជីបំផ្ទុះ ២១ដើម, រណាយន្ត ចំនួន ០១គ្រឿង, ឆាងរែងរ៉ែ ចំនួន 0១គ្រឿង។

សូមរំឭកថា ក្រសួងរ៉ែ និងថាមពល បានប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

ក្រសួងរ៉ែបានបញ្ជាក់ថា ក្នុងរយៈចុងក្រោយនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាព  របស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋ នៅក្នុងនិងក្រៅមូលដ្ឋានផងដែរ។

បច្ចុប្បន្នវត្ថុតាងខាលើ ដែលបង្ក្រាបនៅទីតាំងអាជីវកម្មរ៉ែមាសដោយខុសច្បាប់នោះ បានយកទៅរក្សាទុកនៅស្នាក់ការបរិស្ថានមេម៉ង់ ដើម្បីអនុវត្តតាមនិតិវិធី៕