2024-05-15 02:05
172

ភ្នំពេញ៖ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេហ  បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពី ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋកូរ៉េ។ 

នាឱកាសនោះ ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា៖ «តបតាមការអញ្ជើញរបស់ ឯកឧត្តម យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤»។ 

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល បានគូសបញ្ជាក់បន្ថែមថា៖ គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជីញអមដំណើរ សម្ដេចធិបតី ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល  ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង។ 

ក្នុងដំណើរអញ្ជើញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ សម្តេចធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ប្រធានាធិបតី យូន សក យ៉ល (Yoon Suk Yeol) ដែលនឹងពិភាក្សាស៊ីជម្រៅនូវភាពជាដៃគូ និងពង្រីកកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យឈានទៅកម្រិតថ្មី។ ថ្នាក់ដឹកនាំទាំងពីរ ក៏នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍ សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ 

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា៖ សម្តេចធិបតី ក៏នឹងមានកម្មវិធីសំខាន់ៗមួយចំនួនទៀត រួមមាន៖ 
១- ជំនួបជាមួយ ឯកឧត្តម ហាន់ ដុកស៊ូ (Han Duck-soo) នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋកូរ៉េ 
២- ជំនួបសម្តែងការគួរសមចំពោះ ឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ 
៣- ទទួលជំនួបសម្តែងការគួរសមដោយ ឯកឧត្តម ឆុង អ៊ី យុង (Chung Eui-yong)  ប្រធានអង្គការ ICAPP (៤). អញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ និង 
៥- ទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ ពីបណ្តាក្រុមហ៊ុនវិនិយោគមួយចំនួន។ ក្រៅពីកម្មវិធីខាងលើ សម្តេចធិបតី នឹងអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋសហគមន៍ខ្មែរ នៅសាធារណរដ្ឋកូរ៉េ ផងដែរ។ 

ឯកឧត្តម មាស សុភ័ណ្ឌ បានគូសបញ្ជាក់ថា៖ «សម្ដេចធិបតីនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤»៕