2024-05-28 10:05
183

ភ្នំពេញ៖ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិន បានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង»  ការប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន។

ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធនាមផ្លូវក្រវ៉ាត់ក្រុងទី៣ «មហាវិថី ស៊ី ជីនពីង»  ធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។

 «មហាវិថី ស៊ី ជីនពីង» (ផ្លូវជាតិលេខ៤-ផ្លូវជាតិលេខ១) ដែលមានប្រវែងសរុបជិត ៥៣គីឡូម៉ែត្រ ចាប់ផ្តើមពីផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៤+១០៥ ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ភ្ជាប់ទៅកាន់ផ្លូវទំនប់កប់ស្រូវ ផ្លូវជាតិលេខ៥ ស្ពានឈ្នះឈ្នះ មហាវិថីឈ្នះឈ្នះ និងផ្លូវជាតិលេខ៦ ហើយនឹងប្រែក្លាយទៅជាផ្លូវក្រវាត់ក្រុងដ៏ធំ និងទំនើបថ្មីមួយសម្រាប់បម្រើឱ្យវិស័យដឹកជញ្ជូនរវាងរាជធានីភ្នំពេញ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៦ លេខ៥ លេខ៤ លេខ៣ លេខ២ និងផ្លូវជាតិលេខ២១ ដោយឆ្លងកាត់ទន្លេបាសាក់ និងកោះអន្លង់ចិន មកបញ្ចប់ត្រឹមផ្លូវជាតិលេខ១ ត្រង់ចំណុចគីឡូម៉ែត្រលេខ ២៤+៨៤០ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង។ 

ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។ 

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង» ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន៕