2024-07-06 09:07
215

ភ្នំពេញ៖ ទារកម្នាក់ ទើបតែសម្រាល ត្រូវបានឪម្តាយបំបោះបំបង់ចោលនៅលើផ្ទះជាន់ទី១ មួយកន្លែង ត្រូវបានក្មេងប្រុសម្នាក់ ប្រទះឃើញស្រែកហៅអ្នកជិតខាងផ្អើលឆោឡោទៅចោមរោមមើល ហើយមានស្រ្តីម្នាក់ បានរើសយកទារកនោះទៅងូតទឹកសម្អាតរួចរាល់ក៏នាំទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពយកទៅចិញ្ចឹម ប៉ុន្តែក្រោយមកត្រូវបានខាងមន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញ ចុះមកដណ្តើមយកបង្កឱ្យមានជម្លោះពាក្យសម្តីបែកផ្សែង ចុះក្រោយប្រជាពលរដ្ឋក៏ព្រមប្រគល់ឱ្យមន្ទីរ ដោយសារខ្លាចមានទោស។

ករណីបែបនេះ មិនមែនទើបតែកើតលើកទី១នោះទេ ឱ្យតែមានទារក ឬទារិកា កើតមកហើយត្រូវបានម្តាយបង្កើតបំបោះបំបង់ចោល ពេលប្រជាពលរដ្ឋរើសយកទៅងូតទឹកសម្អាតត្រឹមត្រូវមន្ត្រីនៃមន្ទីរសង្គមកិច្ចតែងតែចុះមកយក ដោយលើហេតុផល និងផ្លូវច្បាប់គ្រប់បែបយ៉ាង ប៉ុន្តែគេមិនដឹងថា ទារក ឬទារិកាដែលមន្ត្រីសង្គមកិច្ចរាជធានីភ្នំពេញយកទៅចិញ្ចឹមបីបាច់ថែរក្សា ឬយកទៅប្រគល់ឱ្យបុគ្គលណាក៏គ្មាននណាដឹងដែរ។

ជាក់ស្តែងមានហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤នេះ ស្ថិតនៅ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្ត្រីម្នាក់ បានរើសយកទារកដែលទើបសម្រាលថ្មីម្នាក់ យកទៅងូតទឹកសម្អាតខ្លួនប្រាណ លាភម្សៅ និងបានយកទៅកាន់មន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាព និងយកចិញ្ចឹម ប៉ុន្តែដល់វេលារសៀលថ្ងៃដដែល ទើបឃើញមានមន្រ្តីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញ នាំគ្នាមកទាមទារយកទៅវិញ បង្កឱ្យមានជម្លោះពាក្យសម្តីផ្អើលសមត្ថកិច្ច និងអាជ្ញាធរសង្កាត់ផងដែរ។ 

តាមប្រភពបន្តទៀតថា នៅពេលមន្ត្រីខាងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ មកទាមទារយកទៅនោះ ជាដំបូងឡើយស្រ្តីដែលរើសទារកមកនោះមិនព្រមឲ្យដាច់ខាត ប៉ុន្តែត្រូវមន្រ្តីទាំងនោះប្ដឹងឲ្យនគរបាលដោយគំរាមចាត់ការតាមច្បាប់ ដោយសារតែខ្លាចមានរឿងវែងឆ្ងាយ និងមានទោសដល់ខ្លួន ទើបគាត់ព្រមប្រគល់ទារកនោះទៅឲ្យខាងមន្ទីរសង្គមកិច្ចនោះទាំងសោកស្ដាយ និងអាឡោះអាល័យបំផុត។

ចំពោះស្រ្តីដែលបានទទួលយកទារកទៅចិញ្ចឹមនោះ មានបឈ្មោះ ភាព ស្រីនាង អាយុ ២៦ឆ្នាំ មានទីលំនៅកន្លែងកើតហេតុខាងលើ ដោយរូបគាត់មានប្ដី និងកូនម្នាក់ ប៉ុន្តែគាត់មានការអាណិតទារកនោះ ទើបរើសយកទារកដែលត្រូវម្តាយបោះបង់ចោលយកទៅចិញ្ចឹម។

ប្រជាពលរដ្ឋ បាននិយាយថា៖ ពួកគាត់មិនបានដឹងឪពុកម្ដាយរបស់ទារកនោះ ជានរណានោះទេ ហើយមានវិបត្តិអ្វីឡើយ? ទើបបានជាយកកូនទើបនិងកើតមកថ្មីៗទុកចោលដោយគ្មានការអាណិតអាសូរបែបនេះ ត្រូវបានក្មេងប្រុស អាយុជាង ១០ឆ្នាំម្នាក់ បានឡើងទៅលេងលើជាន់ទី១ ផ្ទះល្វែងខាងលើ ហើយក៏ប្រទះឃើញទារកនោះនៅក្បែរស៊ីទែនទឹកដោយមានតែសារ៉ុងងរុំជាប់ខ្លួនប៉ុណ្ណោះ។

ប្រជាពលរដ្ឋ បាននិយាយទៀតថា ពេលនោះក្មេងប្រុសខាងលើឃើញក៏បានស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិនាំគ្នាទៅមើលហើយឃើញនៅមានដង្ហើមនៅជាប់ទងសុកលាយឈាម។ បន្ទាប់មកដោយមានការអាណិតទារកនោះខ្លាំងពេក ទើបស្រ្តីឈ្មោះ ភាព ស្រីនាង ដែលជាអ្នករស់នៅជិតនោះ បានយកទារកនេះទៅងូតទឹកសម្អាត រួចនាំទៅកាន់មន្ទីរពេទ្យពិនិត្យសុខភាព ហើយគាត់បានសម្រេចចិត្តយកទារកនេះចិញ្ចឹមធ្វើជាកូនរបស់គាត់តែម្ដង។ 

ប្រភពនេះបានប្រាប់ទៀតថា ស្រ្តីខាងលើបានទិញទឹកដោះគោ និងសម្ភារទារក ដើម្បីឱ្យស្លៀកពាក់ ព្រមទាំងត្រៀមឯកសារផ្សេងៗ ដើម្បីចុះឈ្មោះទារកនេះ នៅក្នុងសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើតដាក់ជាកូនបង្កើតរបស់គាត់។ ប៉ុន្តែក្ដីស្រលាញ់ និងការត្រេកអរនោះ បានត្រឹមតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ ក៏ស្រាប់តែរលាយបាយ់ទៅវិញ ព្រោះតែនៅវេលារសៀលថ្ងៃដដែល ស្រាប់តែខាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទារាជធានីភ្នំពេញ បានចុះទៅធ្វើការទាមទារយកទារកនោះ ប៉ុន្តែគាត់មិនព្រមប្រគល់ឲ្យក៏ត្រូវបានមន្រ្តីទាំងនោះប្ដឹងឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ គំរាមចាត់ការតាមច្បាប់ដោយសារតែមិនអាចប្រឆាំងបានខ្លាចមានទោសដល់ខ្លួនទើបស្រ្តីនោះ បានចូលខ្លួនទៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ហើយយកទារកនេះប្រគល់ឲ្យមន្រ្តីសង្គមកិច្ច ដើម្បីកុំឲ្យមានរឿងវែងឆ្ងាយ។

មន្រ្តីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដែលចុះមកទាមទាយកទារកដែលម្តាយបំបោះបំបង់ចោលនោះ បាននិយាយថា៖ «មិនអាចឲ្យទារកនេះទៅស្រ្តីម្នាក់ ដែលរើសបានយកទៅចិញ្ចឹមបានទេ គឺខាងមន្ទីរជាអ្នកចិញ្ចឹម ហើយបើស្រ្តីរូបនេះ ចង់បានយកទៅចិញ្ចឹមសូមធ្វើលិខិតស្នើសុំទៅខាងមន្ទីរតាមដំណាក់ការ និងនិតិវិធីច្បាប់»

សូមរម្លឹកថា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក៏រឿងរ៉ាវដូចគ្នានេះ បានកើត១ករណី រួចមកហើយដែរ ដែលកាលនោះមានទារកម្នាក់ ត្រូវបានគេយកទៅប្លុងចោល ហើយអាជ្ញាធរសង្កាត់ចោមចៅទី៣ ក៏បានរើសយកមកប្រគេនដល់ព្រះភិក្ខុសង្ឃ ១អង្គ។ បន្ទាប់មកព្រះសង្ឃអង្គនោះ បានយកទារកនោះទៅឲ្យញោមរបស់ព្រះអង្គនៅឯក្រុងតាខ្មៅ ខេត្តកណ្ដាល មើលថែទុកដូចជាកូនដូច្នោះដែរ។ ប៉ុន្តែក្រោយពេលដែលព្រះអង្គយកទារកខាងលើទៅចិញ្ចឹមបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះ ស្រាប់តែលោកស្រីប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បញ្ជាឲ្យមន្រ្តីរបស់ខ្លួនទៅទាមទារយកទារកនោះពីព្រះសង្ឃវិញ ដូចជាពេលនេះដែរ។ កាលនោះដោយសារតែអាណិតទារកដែលខំស្រលាញ់ និងចិញ្ចឹមបាន ចំនួន ៥ថ្ងៃហើយនោះ ព្រះអង្គបានយំសោកយ៉ាងខ្លាំង ចំណែកឯមន្រ្តីសាលាសង្កាត់ចោមចៅទី៣ មួយចំនួនក៏បាននាំគ្នាយំតាមព្រះសង្ឃផងដែរ។

ពាក់ព័ន្ធការមកយកទារកដែលឪពុកម្តាយបំបោះបំបង់ចោលបែបនេះ គេមិនដឹកថា ខាងមន្ទីរសង្គមកិច្ចយកទៅចិញ្ចឹមថែរក្សា ឬយកទៅណានោះទេ ប៉ុន្តែប្រពលរដ្ឋសង្កេតឃើញថា ឱ្យទារក ឬទារិកាមានអំណោយផលដឹងតែមកទាមទាថាយកទៅចិញ្ចឹមនៅមន្ទីរសង្គមកិច្ចជានិច្ច៕