2024-05-20 07:05
195

ក្រចេះ៖ «ទិវាជាតិនៃការចងចាំ ២០ ឧសភា» គឺជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូប ចងចាំមិនអាចបំភ្លេចបានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា «របបប្រល័យពូជសាសន៍ ប៉ុល ពត» (១៧ មេសា ១៩៧៥–៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹតបំផុត បានកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ជាតិសាសន៍ខ្លួនអស់ជាង ៣លាននាក់។ 
នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ ស្ថិតក្នុងបរិវេន វត្តសុពណ៌គិរីរាម ហៅ «វត្តជ្រោយអំពិល» ក្នុងឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានរៀបចំប្រារព្វពិធី «ទិវាជាតិនៃការចងចាំ ២០ ឧសភា» ក្រោមអធិតីភាព ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការសួងព័ត៌មាន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រែកប្រសព្វ មានការអមដំណើរដោយអនុប្រធានក្រុមការងារថ្នាក់ជាតិ ថ្នាក់ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុបប្រមាណជាង ៣០០នាក់។
លោក សូម សារិន អភិបាលស្រុកព្រែកប្រសព្វ បានថ្លែងថា៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅទូទាំងប្រទេស។ ដោយឡែកក្នុងខេត្តក្រចេះ ក្រុមបនប្រល័យជូជសាសន៍ ប៉ុល ពត បានកាប់សម្លាប់ប្រជាពលរដ្ឋអស់រាប់ម៉ឺននាក់ និងមានរណ្តៅពិឃាតជាច្រើនកន្លែងផងដែរ។

  លោកអភិបាលស្រុក បានបន្ថែមថា៖ ២០ ឧសភា នេះ ជាទិវាប្រវត្តិសាស្ត្រ ដ៏សែនឈឺចាប់ជាទីបំផុត និងជាថ្ងៃ នៃការអនុវត្តនយោបាយចាប់ផ្តើមប្រល័យពូជសាសន៍ឯង នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានបញ្ឈប់គ្រប់ទាំងស្រុង នូវដំណើរការរីកចម្រើនទៅមុខរបស់សង្គមជាតិ ដែលប្រជាជនចងចាំជានិច្ចមិនអាចបំភ្លេចបាននូវមហាសោកនាដកម្ម មហាវិនាសកម្ម ដ៏មហាព្រៃផ្សៃជាទី និងឧក្រិដ្ឋកម្មបំផុត ដែលពុំធ្លាប់មាននៅ លើសកលលោកដែលបានធ្វើឱ្យជីវិតមនុស្សរាប់លាននាក់ត្រូវស្លាប់ ទ្រព្យសម្បត្តិ និងប្រាជ្ញាស្មារតី ត្រូវរលត់បាត់បង់ វប្បធម៌ប្រពៃណីរបស់ប្រជាជាតិខ្មែរ ត្រូវអន្តរាយរលាយសាបសូន្យ ហិនហោចអស់ ក្រោមទង្វើព្រៃផ្សៃ អង្គការទមិឡអន្យតិរិយរបស់គ្មានសល់អ្វី។ 
ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន មានប្រសាសន៍ថា៖ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុន ពត ប្រជាជនគ្រប់គ្នារស់នៅមានលក្ខណៈដូចសត្វធាតុក្នុងជាតិជាខ្មែរ រស់នៅក្នុងក្តីរន្ធត់តក់ស្លុត និងភ័យខ្លាចគ្រប់ដង្ហើមចេញចូល ខំប្រឹងធ្វើការ នឹកគិតពីការស្លាប់រស់បណ្តើរ នឹកគិតរកទីពឹងពំនាក់បណ្តើរ នឹកបន់ស្រន់អស់គុណបណ្តើរពុកម៉ែ និងទេវតា ព្រមទាំងវត្ថុស័ក្តិសិទ្ធិបណ្តើរ សូមឱ្យលោកទាំងអស់នោះមកជួយសង្គ្រោះជីវិត ដើម្បីបានត្រដររស់តទៅទៀត។ ក្នុងរបបដ៏ខ្មៅងងឹតនោះ មានប្រជាជនរាប់លាននាក់ បានបាត់បង់ជីវិតទៅយ៉ាងអាណោអាធ័មចក្រៃលែង ក្រៅពីនេះ នៅមានអ្នកខ្លះ ទៀតត្រូវព្រាត់ប្រាស និរាសបែកបាក់គ្រួសារ ត្រូវក្លាយជាស្ត្រីមេម៉ាយ កូនៗបានក្លាយជាកូនកំព្រា អនាថាគ្មានទីពឹងពាក់ និងបន្សល់ទុកនូវជនពិការជាច្រើនសន្ធឹកសន្ធាប់គួរឱ្យសង្វេគបំផុត។
  ឯកឧត្តម ហ៊ីវ ជននាថ បានថ្លែងបញ្ជាក់ថា៖ «ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ»។ ឯកឧត្តមបន្ថែមថា៖ «ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថេរភាពប្រទេសជាតិឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»។

  ឯកឧត្តម ហ៊ីវ ជននាថ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា៖ «ការជួបជុំគ្នានាពេលនេះ គឺដើម្បីរំឭកឡើងវិញ នូវគុណូបការៈរបស់យុទ្ធជនយុទ្ធនារី ស្នេហាជាតិទាំងឡាយ ដែលបានពលីជីវិត ដោយការបូជាសាច់ស្រស់ឈាមស្រស់តទល់នឹង ខ្មាំងសត្រូវឈ្លានពានដើម្បីការពារបូរណភាពទឹកដី និងប្រជាជាតិយើងទាំងអស់គ្នាព្រមទាំងធ្វើ នូវសហបុញ្ញកុសលឧទ្ទិសផលានិសង្សបុណ្យ ជូនដល់បដិសន្ធិវិញ្ញាណ បុព្វវីរបព្វជិត ព្រះសង្ឃ កវីនិពន្ធ បញ្ញវន្ត សាស្ត្រាចារ្យ យោធាចារ្យ វីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិមាតុភូមិ និងប្រជាជនស្លូតត្រង់ដែលបានបាត់បង់ជីវិតទៅដោយគ្មានកំហុសក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លេះឆ្នាំ១៩៧៥-១៩៧៩»។
យើងទាំងអស់គ្នា ពិតជាមានភ័ព្វសំណាងដ៏ប្រសើរ មិនអាចកាត់ថ្លៃបាន ដែលបានរួចជីវិតផុតពីសេចក្តីស្លាប់ ហើយរស់នៅដល់សព្វថ្ងៃ គឺដោយសារគុណូបការៈដ៏ថ្លៃថ្លារបស់ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្ននេះមានឈ្មោះថា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានជ្រោងទង់មហាសាមគ្គី ជាតិវាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ ដ៏រាបបានទទួលជ័យជំនះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ១៩៧៩។ ជាង ៤០ឆ្នាំ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានព្យាយាមប្រឹងប្រែង ពុះពារជំនះរាល់ឧបសគ្គយ៉ាងលំបាកលំបិនជាទីបំផុត ដើម្បីស្តារ និងកសាងប្រទេសកម្ពុជា យើងចេញពីគំនរផេះផង់ដោយបាទដៃទទេ ហើយបានបើកចេញនូវទំព័រសករាជថ្មី ដែលពោរពេញដោយស្នាមញញឹមក្តីសង្ឃឹម របស់ប្រជាជន ចំពោះអនាគតដ៏ភ្លឺស្វាងត្រចះត្រចង់នៃមាតុភូមិយើង និងជីវិតរបស់យើងទាំងអស់គ្នា៕