2024-06-27 12:06
130

ភ្នំពេញ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រលប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា៖ ដូចដែលអស់លោក លោកស្រី បានដឹងហើយថា ករណីបាញ់សម្លាប់មនុស្សដែលប្រព្រឹត្តដោយឧក្រិដ្ឋជនឈ្មោះ ស្រី ស៊ីណា កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានយកយកចិត្តទុកដាក់ និងមានការចាប់អារម្មណ៍ជាច្រើន ទាំងក្នុងស្រុក និងក្រៅស្រុក រហូតមានការបញ្ចេញមតិយោបលន និងការវែកវែកជាច្រើកជុំវិញករណីបាញ់ប្រហារដ៏សាហាវមួយនេះ រួមទាំងការវិភាគវែកញែកលើចំណាត់ការរបស់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់ចំពោះករណីនេះផងដែរ។

ពាក់ព័ន្ធករណីខាងលើនេះ ក្រសួងយុត្តិធម៌ ត្រូវការភាពចាំបាច់ក្នុងការធ្វើសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនដល់អ្នកសារព័ត៌មាន និងជនរួមជាតិទាំងអស់ឱ្យបានជ្រាបអំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវនេះ គោលជំហរដ៏ម៉ឺងម៉ាត់ និងវិធានអនុវត្តលើករណីនេះ បន្ថែមលើសេចក្តីប្រកាសព័ត៌មាន របស់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងយុត្តិធម៌។

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងក្នុងធ្វើសន្និសីទនោះថា៖ មានមតិមួយចំនួនបានលើកឡើងអំពីថា៖ ក្រសួងយុត្តិធម៌មិនគួរចេញមុខ ឬធ្វើសន្និសីទសារព័តមាន ការពារជំនួសតុលាការនោះទេ ព្រោះស្ថាប័នតុលាការជាស្ថាប័នឯករាជ និងជាស្ថាប័នដាច់ដោយឡែកពីក្រសួងយុត្តិធម៌ ចំពោះការលើកឡើងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អះអាងថា «វាមិនខុសទេ ហើយក៏មិនត្រឹមត្រូវដែរ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានលើកឡើងថាមិនខុសត្រង់៖ «ទី១៖ ការធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនដើម្បីការពារតុលាការនោះទេ ហើយមិនត្រូវមានអ្វីការពារតុលាការដែរ ព្រោះបើចៅក្រមធ្វើខុសបំពានច្បាប់ ចៅក្រមត្រូវមានការទទួលខុសត្រូវ ទាំងតាមផ្លូវពិន័យ និងតាមផ្លូវច្បាប់ផងដែរ និងទី២៖ តាមគោលច្បាប់ចៅក្រម ឬតុលាការមិនអាចបកស្រាយ ជាមួយអ្នកសារព័តមាន ឬធ្វើសន្និសីទសារព័ត៌អំពីការសម្រចអង្គសេចក្តីណាមួយនៅក្នុងសំណុំរឿងនោះទេ ព្រោះច្បាប់មិនអនុញ្ញាតិ និងម្យ៉ាងទៀត រាល់សេចក្តីសម្រេចត្រូវឆ្លងកាត់និតិវិធីមួយច្បាស់លាស់ដែលភាគីពាក់ព័ន្ធក្នុងសំណុំរឿងប្រើប្រាស់រាល់ទឡ្ហីករណនានា ដើម្បីការពារផលប្រយោជន៍ខ្លួនតាមផ្លូវច្បាប់ ហើយការសម្រេចសេចក្តីរបស់តុលាការច្បាប់ត្រូវទាមទាឱ្យមានសំអាងហេតុ សំអាងច្បាប់ច្បាស់លាស់ក្នុងការកាត់សេចក្តីរបស់ចៅក្រម»។

លោករដ្ឋមន្ត្រីបន្ថែមទៀតថា៖ «ការលើកឡើងនេះមិនត្រឹមត្រូវ គឺនៅត្រង់ពាក់ព័ន្ធនឹងការធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃនេះ គឺគោលបំណងដើម្បីជម្រាបជួប និងបំភ្លឺដោយផ្ទាល់ដល់បងប្អូនអ្នកសារព័ត៌មាន និងជនរួមជាតិ អំពីចំណាត់ការផ្លូវច្បាប់លើករណីបាញ់ប្រហារដ៏សាហាវនេះ អំពីគោលជំហរ និងវិធានការដ៏ម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ចំពោះករណីនេះ»។

លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ បានបញ្ជាក់ថា៖ «ករណីបាញ់ប្រហារនេះ គឺទទួលបានការចាប់អារម្មណ៍ និងការយកចិត្តទុកយ៉ាងច្រើនពីសំណាក់សង្គមជាតិហើយក៏មានការវែកញែកអំពីផ្លូវច្បាប់ត្រូវយកមកអនុវត្តដោយការវែកញែកខ្លះត្រឹមត្រូវតាមផ្លូវច្បាប់ និងការវែកញែកខ្លះទៀតធ្វើទៅតាមអារម្មណ៍ខឹងសម្បារចំពោះការបាញ់ប្រហារដ៏សាហាវនេះ»។

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកយកពាក់ព័ន្ធនឹងអង្គច្បាប់ មាន៤ដំណាក់កាល៖ ទី១-អំពីអង្គហេតុនៃការស្រាវជ្រាវក្នុងដំណាក់កាលស៊ើបអង្កេត, ទី២- អំពីចំណាត់ការអនុវត្តច្បាប់របស់ស្ថាប័នអនុវត្តច្បាប់,  ទី៣- អំពីអង្គច្បាប់ពាក់ព័ន្ធនឹងករណីនេះ និងទី៤- អំពីគោលជំហ និងវិធានការដែលត្រូវប្រកាន់យកសម្រាប់ការអនុវត្តដ៏ម៉ឺងមាត់ចំពោះករណីឃាតកម្មដ៏សាហាវមួយនេះ៕