2024-08-30 12:08
42

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា៖ «ក្នុងនាមជាសមាជិក នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងពន្លឿនការផ្លាស់ប្តូរឆ្ពោះទៅការអភិវឌ្ឍន៍ប្រកបដោយចីរភាព កាបូនទាប ដែលធន់នឹងអាកាសធាតុ»។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងទៀតថា៖ «ប្រទេសកម្ពុជា ជាប្រទេសមួយ ក្នុងចំណោមប្រទេសតិចតួច ដែលបានបោះជំហានយ៉ាងសំខាន់ ក្នុងការកសាងសមត្ថភាព និងការត្រៀមខ្លួន ក្នុងការធ្វើពាណិជ្ជកម្មកាបូន ក្រោមមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពី ការប្រែប្រួលអាកាសធាតុ។ ហើយប្រទេសកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចប៉ុណ្ណោះ ដែលបានតាក់តែង គោលនយោបាយដ៏រឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងការអនុម័តគម្រោងកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈវិធានប្រតិបត្តិសម្រាប់មាត្រា ៦ នេះ»។ 

ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងពិធីរៀបចំផ្សព្វផ្សាយ ស្ដីពី វិធានប្រតិបត្ដិសម្រាប់មាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពី ការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន, កញ្ញា សូមី គីម តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) តំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន និងភ្ញៀវកិត្ដិយស ជាច្រើននាក់ នៅទីស្ដីការក្រសួងបរិស្ថាន នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំដែងការជឿជាក់ថា អនុស្សរណៈដែលបានចុះហត្ថលេខាជាមួយ ប្រទេសសឹង្ហបុរី និងសាធារណរដ្ឋកូរ៉េ នាពេលខាងមុខ នឹងត្រួសត្រាយផ្លូវរបស់កម្ពុជា ក្នុងការកសាងខ្លួនក្លាយជាអ្នកដឹកនាំលើការធ្វើពាណិជ្ជកម្មកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្រោមមាត្រា ៦ ដែលអាចនាំកម្ពុជា ឆ្ពោះទៅគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងចូលរួមក្នុងសកម្មភាព អាកាសធាតុសកល កាន់តែមានប្រសិទ្ធភាព។ 

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក្រួងបរិស្ថាន បានបញ្ជាក់ថា៖ «កម្ពុជាមានមូលដ្ឋានដ៏រឹងមាំ នៅក្នុងការផ្សារភ្ជាប់ជាមួយទីផ្សារកាបូន ដោយបានបង្កើតនិងអនុវត្ដគម្រោង សម្រាប់ការធ្វើពាណិជ្ជកម្មកាបូនជាអន្ដរជាតិ តាមរយៈយន្ដការនានា មានជាអាទិ៍ យន្ដការអភិវឌ្ឍន៍ស្អាត (CDM) យន្ដការឥណទានកាបូនរួម (JCM) និងកម្មវិធីរ៉េដបូក»។ 

កញ្ញា សូមី គីម តំណាងប្រចាំប្រទេស នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានលើកឡើងថា៖ «កន្លងមកវិទ្យាស្ថាន GGGI បានទទួលការគាំទ្រក្រសួងបរិស្ថាន និងបានសហការរៀបចំវិធានប្រតិបត្ដិសម្រាប់មាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពីការប្រែប្រួលអាកាសធាតុ ដើម្បីសម្រេចបានគោលដៅផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន»។ 

កញ្ញា បានបន្ថែមថា៖ «អ្នកចូលរួមក្នុងសិក្ខាសាលា នឹងបានយល់ពីដំណើរការ ដែលបានបង្កើតឡើង និងកំពុងអនុវត្ដ នៅក្រោមមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្ដីពី ការប្រែប្រួលអាកាសធាតុនៅកម្ពុជា និងរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួមការធ្វើពាណិជ្ជកម្ម ដែលរួមចំណែកដល់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់»។

យោងតាមបច្ចុប្បន្នភាព នៃផែនការរួមចំណែក ជាតិដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌ សហប្រជាជាតិ ស្ដីពី ការប្រែប្រួលអាកាសធាតុ (NDC) តាមរយៈហិរញ្ញប្បទានកាបូន កម្ពុជាបានប្ដេជ្ញាក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៤១,៧% ស្មើនឹង ៦៤,៦ លានតោន សមមូលកាបូនក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០៣០។ វិស័យ នីមួយៗ រួមមាន៖ វិស័យព្រៃឈើនិងការប្រើប្រាស់ដីផ្សេងៗ វិស័យថាមពល វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណល់សំរាម ប្លាស្ទិក ដែលបានកំណត់នូវបញ្ហាប្រឈម និងឱកាសសម្រាប់ការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់៕