2024-07-05 11:07
130

ខេត្តប៉ៃលិន ៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន កាលពីរសៀលថ្ងៃទី០៣ខែកក្កដាឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ បានអញ្ជើញជួបសំណេះ សំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្ត ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ ដោយមានការចូលរួមពីសំណាក់ លោក-លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធានអង្គភាពចំណុះសាលាខេត្ត  មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាជាច្រើននាក់ផងដែរ ។

នៅក្នុងឪកាសនោះលោកជំទាវបណ្ឌិត បាន ស្រីមុំ បានថ្លែងកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្ត ដែលបានរួមសាមគ្គី សហការគ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍ខេត្តប៉ៃលិន ឲ្យទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតាមអនុសាសន៍ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងជាមន្ត្រីរាជការ ត្រូវមានការយល់ដឹងខ្ពស់ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវរួមសហការគ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ដោយឈរលើគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព ផងដែរ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់ មន្ត្រីរាជការទាំងអស់ នៃរដ្ឋបាលខេត្ត ត្រូវខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការ ដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍ និងដុសខាត់សមត្ថភាពរបស់ខ្លួនឲ្យបានជាប់ជាប្រចាំផងដែរ ។