2024-05-31 10:05
193

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា៖ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីក្មេងទំនើង ចំនួន ១៦ករណី ដែលមានជនសង្ស័យ ចំនួន ១២៣នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យបាន ចំនួន ៦៣នាក់ និងរត់គេចខ្លួន ចំនួន ៦០នាក់។ 

 អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។

 បន្ថែមពីនេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានអំពាវនាវដល់ឪពុកម្តាយ ព្រមទាំងអាណាព្យាបាលទាំងអស់ ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ និងសូមអំពាវនាវដល់យុវជនទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរ ហើយសូមជៀសវាងពីសកម្មភាពទាំងឡាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ៕