2024-06-25 05:06
146

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គដ្ឋានអន្តោប្រវេសន៍ ស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។

ការស្នើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំជាមួយក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសអន្តរក្រសួងឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមពី លោក ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ 

ឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានណែនាំឱ្យពង្រឹងកិច្ចហការសម្របសម្រួល ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា រវាងយន្តការប្រតិបត្តិការទាំង៣ គឺគណៈបញ្ជាការដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគណៈកម្មការអន្តរក្រសួងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ។

សូមជម្រាបថា ក្នុងកិច្ចប្រជុំក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង ទទួលជួយនាយកដ្ឋាន លោកប្រធាននាយកដ្ឋាន លោកប្រធានការងាររាជធានី-ខេត្ត អនុប្រធាននាយកដ្ឋាន លោកស្នងការរង ប្រធានមន្ទីការងាររាជធានី ខេត្ត នាយការិយាល័យ នៃស្នងការដ្ឋានរាជធានី-ខេត្ត និងក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេសទាំង២៥រាជធានី-ខេត្ត ។ 

នាឱកាសនោះ លោក ធាង ស៊ាងវេង អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីឱ្យមានឱកាសជួបជុំក្រុមការងារអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរមុនពេលចុះបំពេញបេសកម្មនាពេលខាងមុខ។ លោកបន្តទៀតថា ក្រុមអធិការកិច្ចហត្ថពលកម្មបរទេសរបស់ស្ថាប័នទាំងពីរត្រូវបានបង្កើតតាំងពីឆ្នាំ២០០០មក យន្តការក្រុមការងារចម្រុះត្រូវបានកែលំអរ ពង្រីកបន្ថែម ដើម្បីធានាឱ្យបានថា «សហគ្រាស គ្រឹះស្ថានត្រូវប្រើហត្ថពលកម្មបរទេសទាំងអស់នៅព្រះរាជាណាចក្រកម្ពុជាស្របទៅតាមច្បាប់ជាធរមាន ហើយជនបរទេសដែលមកធ្វើការនៅប្រទេសកម្ពុជា ត្រូវមានឯកសារគ្រប់គ្រាន់ ដើម្បីទទួលបាននូវការការពារ អត្ថប្រយោជន៍ផ្សេងៗ និងចូលរួមទប់ស្កាត់អំពើប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស»។ 

មានប្រសាសន៍នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ថ្លែងថា៖ ដោយមានការឯកភាពពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីរៈ ដែលបានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានទាំងពីធ្វើការបើកកិច្ចប្រជុំនេះ ដើម្បីចុះធ្វើអធិការកិច្ចហត្ថពលកម្មបរទេសឆ្នាំ២០២៤នេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចបរវធិបតី  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា អណិត្តទី៧ របស់យើងនេះ។

លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានស្នើសុំឱ្យអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងជនបរទេស ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គម។ លោកឧត្តមសេនីយ៍ ក៏បានណែនាំឱ្យពង្រឹងកិច្ចហការសម្របសម្រួល ធ្វើសកម្មភាពឱ្យបានព្រមៗគ្នា រវាងយន្តការប្រតិបត្តិការទាំង៣ រួមមាន៖ គណៈបញ្ជាការដឹកនាំការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងគណៈកម្មការអន្តរក្រសួងដែលបានប្រកាសផ្សព្វផ្សាយនៅថ្ងៃនេះ។ 

បន្ទាប់មកទៀត លោកឧត្តមសេនីយ៍ សុខ វាសនា ក៏បានស្នើរសុំឲ្យប្រធាននាយកដ្ឋានត្រូវមានការងារប្រជុំឲ្យបានទៀងទាត់ និងសុំឲ្យមន្រ្តីជំនាញអធិការកិច្ចហត្ថពលកម្មបរទេសក្នុងការចុះទៅត្រួតពិនិត្យជនបរទេស ត្រូវបង្ហាញអត្តលេខ អត្តសញ្ញាណ ឯកសណ្ឋានឲ្យបានត្រឹមត្រូវសមរម្យ មានឥរិយាបថ អាកប្បកិរិយាធ្វើការទន់ភន់ និងការសរសេរ ការរាយការណ៍ពីរបាយការណ៍ដែលបានចុះត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវតាមស្តង់ដារ ដើម្បីឲ្យមានភាពប្រសើរជាងមុន៕