2024-06-19 07:06
135

ខេត្តកំពង់ស្ពឺ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្មេងទំនើង ដែលចូលចិត្ដបង្ហោះម៉ូតូតាមផ្លូវសាធារណៈក្នុងតំបន់ទេសចរណ៍ធម្មជាតិ ឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគីរីរម្យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុក ឃាត់ខ្លួនចំនួន ០៣នាក់ និងម៉ូតូ០៣គ្រឿង។ 
    ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ប្រមុខរាជរាជរដ្ឋាភិបាល លោកអភិសន្ដិបណ្ឌិត ,លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ  និងបានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចបានឃាត់ក្មេងទំនើងបង្ហោះម៉ូតូបាន ០៣នាក់ កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញ នៅចំណុចផ្លូវលេខ៤៦ ផ្លូវឡេីងទៅឧទ្យានជាតិ ព្រះសុរាម្រិត កុសុមៈគិរីរម្យ ស្ថិតក្នុងភូមិទី៥ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។ 
  ក្មេងទំនើងបង្ហោះម៉ូតូបាន ០៣នាក់នេះរួមមាន៖(១)ឈ្មោះ ហន វិរៈ ភេទប្រុស អាយុ១៣ ឆ្នាំ អនីតិជន  រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល (២)ឈ្មោះ ផេង រ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ អនីតិជន រស់នៅភូមិទី៥ ឃុំត្រែងត្រយឹង (៣)ឈ្មោះ ស្រូយ កំណប់ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ។ 
ចំណែកម៉ូតូ០៣គ្រឿង ដែលកម្លាំងជំនាញចាប់យកពីក្រុមក្មេងទំនេីងនោះ មានដូចខាងក្រោម៖
– ម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីម សេ125  ពណ៌ខ្មៅ ស៊េរីឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1X.1399
– ម៉ូតូ01គ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2017 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1G.8317
– ម៉ូតូ01គ្រឿងម៉ាក និក ពណ៌ស ស៊េរីឆ្នាំ2019 ឡើងតែមឆ្នាំ2023 ពាក់ផ្លាកលេខកំពង់ស្ពឺ 1N.9789។
បច្ចុប្បន្នក្រោយអនុវត្ដតាមគោលការណ៍ច្បាប់ ក្មេងទំនេីង០២នាក់ជាអនីតិជន បានអនុវត្ដសិទ្ធិអប់រំប្រគល់ជូនអាណាព្យាបាលដេីម្បីធានាទទួលយកទៅអប់រំបន្ដ រីឯក្មេងទំនេីង០១នាក់ជានីតិជនត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ដ ចាត់ការតាមនីតិវិធីបន្ដ៕