2024-06-27 01:06
130

តាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២៤ លោក ស៊ីម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានដឹកនាំមន្រ្តី ចុះរៀបចំតម្លើងស្លាកផ្ទាំងប៉ាណូ អបអរសាទរពិធីបុណ្យរុក្ខាទិវា ៩កក្ដដា នៅខាងកើតវង្វង់មូលព្រះវិស្ណុ (អូរចំបក់) ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។

បើតាមការឱ្យដឹងថាពី លោក ស៊ីម ឡាបុ័ង នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ បានឱ្យដឹងថា នៅថ្ងៃទី ៩ ខែកក្ដដា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឬទ័យស្ដេចយាង ដាំកូនឈើនៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅលើផ្ទៃដី ៣ហិកតា។


បើតាមការបញ្ជាក់ពី នាយខណ្ឌរដ្ឋបាលព្រៃឈើតាកែវ លោក ស៊ីម ឡាបុ័ង បានឱ្យដឹងថា នេះជាលើកទី៤ ហើយដែល ខេត្តតាកែវ មានមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដោយ ព្រះករុណាព្រះមហាក្សត្រ ស្ដេចយាង ដាំកូនឈើ ចំនួន ៤លើក៖ 
លើកទី១៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្ដដា ឆ្នាំ១៩៩៣ ក្រោមរាជាធិបតីខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅភ្នំតាម៉ៅ ស្រុកបាទី លើផ្ទៃដី ២០ហិកតា ។

លើកទី២៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០០៨ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ លើផ្ទៃដីទំហំ ១៨ហិកតា។

លើកទី៣៖ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១៤ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ ព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៅភ្នំតាម៉ៅ ស្ថិតនៅភូមិកណ្ដឹងធំ ឃុំកំកណ្ដឹង ស្រុកបាទី លើផ្ទៃដីទំហំ ២៣ហិកតា ។

លើកទី៤៖ ឆាប់ៗខាងមុខនេះ ថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៤ នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ស្ថិតនៅភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅលើផ្ទៃដី ៣ហិកតា៕