2024-06-15 11:06
192

ខេត្តពោធិ៍សាត់៖ លោកឧត្តមសេនីយ៍ទោ ស ថេង នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចជំនាញខេត្ត បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម(ដោយប្រើពូថៅ កាប់ទៅលើជនរងគ្រោះរហូតដល់ស្លាប់ ក្នុងថ្លុកឈាម) ព្រោះតែខឹងជនរងគ្រោះ តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឱ្យឆ្កែព្រុសខ្លួនដេកមិនលក់។ 
លោកស្នងការនគរបាលខេត្ត បានបន្តថា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ ក្នុងប្រតិបត្តិការនោះដោយមានការសម្របសម្រួលពី លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នារសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានស្រាវជ្រាវលើករណីឃាតកម្មនៅ ភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន ដោយកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចវាលបឹងខ្ទុំ ស្ថិតនៅភូមិរូង ឃុំបឹងខ្នារ ស្រុកបាកាន ។
ជនសង្ស័យឈ្មោះ សឿម សឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅ ភូមិស្រករ ឃុំបឹងខ្នា ស្រុកបាកាន និងបានដកហូតវត្ថុតាងរួមមាន ពូថៅ០១ ភ្លើងកែវពាក់ក្បាល០១ ខោកាប៊យជើងវែងពណ៌ខៀវ០១ រួចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ។
   តាមចម្លើយរបស់ឈ្មោះសឿម សឿត សារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ អ៊ួន យ៉ូន ហៅងិល  ត្រូវចំក្បាល  ក ជាច្រើនពូថៅបណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ នៅចំណុចប្រអប់លូទឹកប្រឡាយព្រីង ស្ថិតនៅភូមិស្រករ ឃុំបឹងខ្នារ ស្រុកបាកាន កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង២១និង៤៥នាទី ពិតប្រាកដមែន មូលហេតុដោយសារជនសង្ស័យខឹងឈ្មោះ អ៊ួន យ៉ូន (ជនរងគ្រោះ) តែងតែផឹកស្រាស្រវឹងហើយដើរយប់ធ្វើឲ្យឆ្កែព្រុសដេកមិនលក់។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕