2024-08-28 11:08
57

ភ្នំពេញ៖ អំពើបាញ់ប្រហារគ្នាយ៉ាងសាហាវ បានកើតឡើងនៅតាមផ្លូវស្ថិតក្នុងភូមិសាស្ត្រសង្កាត់រសួស ខណ្ឌដង្កោ បង្កឱ្យប្រជាពលរដ្ឋភ្ញាក់ផ្អើល និងភ័យស្លន់ស្លោយ៉ាងខ្លាំង។ ក្នុងហេតុការណ៍បាញ់តដៃគ្នានោះ បណ្តាលឱ្យមានមនុស្ស ចំនួន ០២នាក់ បានរងរបួសធ្ងន់ ហើយរថយន្ត ចំនួន ០២គ្រឿង ត្រូវបានគេប្រទះឃើញបុកគ្នា។

តាមសេចក្តីរាយការណ៍បឋម បានឱ្យដឹងថា ករណីបាញ់ប្រហារគ្នាដ៏កក្រើកនេះ ផ្តើមឡើងពីរឿងបើករថយន្តបុកគ្នារួចភាគីទាំងខាងបានផ្ទុះអាវុធបាញ់ដាក់គ្នាអស់ជាច្រើនគ្រាប់ បណ្តាលឲ្យរបួស ចំនួន ០២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍នៃការបាញ់ប្រហារគ្នាដោយកាំភ្លើងវែងខ្លីខាងលើនេះ ស្ថិតតាមបណ្តោយផ្លូវ ២០A ក្នុងសង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ១០:០១នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ 

ក្រោយការបាញ់ប្រហារនៅកន្លែងកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ ដើម្បីអន្តរាគមន៍ ប្រទះឃើញមានរថយន្ត ចំនួន ០២គ្រឿង បានបុកគ្នា ក្នុងនោះរួមមាន៖ Mercedes ពាក់ស្លាកលេខ ភ្នំពេញ 2BF-8168 រងការបាញ់ប្រហារជាច្រើនគ្រាប់ និងរថយន្តមួយគ្រឿងទៀត ម៉ាក Ford ស្លាកលេខ ភ្នំពេញ 2BV-5779។

ចំពោះមូលហេតុជុំវិញករណីបាញ់ប្រហារគ្នាខាងលើនេះ ពុំទាន់ដឹងច្បាស់លាស់នៅឡើយទេ ប៉ុន្តែមជ្ឈដ្ឋាននាន បានដាក់ការសន្និដ្ឋានអាចផ្តើមពីរឿងគ្រោះថ្នាក់ចរាចរណ៍ ទើបឈានដល់ការផ្ទុះអាវុធបែបនេះតែម្តង។ ប៉ុន្តែទោះបីជាយ៉ាង ខណៈពេលនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងដុតដៃដុតក្នុងការស៊ើបអង្កេតលើករណីនេះ ឱ្យបានច្បាស់លាស់ និងតាមចាប់ខ្លួនអ្នកពាក់ព័ន្ធយកមកផ្ទន្ទាទោសតាមផ្លូវច្បាប់៕