2024-09-15 02:09
25

ភ្នំពេញ៖ នៅវេលាម៉ោង ០១និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ មានករណីអគ្គិភ័យមួយ​កន្លែង បានកើតឡើង នៅចំណុច វត្តសារ៉ាវ័ន្ធ ស្ថិតតាមផ្លូវ១៧៨ ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីព្រះអង់នៅកុដកើតហេតុ ដុតទៀនវស្សាបង្កឱ្យឆេះរាលដាលជាអគ្គិភ័យយ៉ាងសន្ធោសន្ធៅតែម្តង។ ករណីអគ្គិភ័យនេះ ធ្វើឱ្យឆេះបន្ទប់ទំហំ ២ម៉ែត្រ×២ម៉ែត្រ និងសម្ភារៈមួយចំនួន នឹងពុំបណ្តាលឱ្យឆេះរាលដាលដល់កុតក្បែរខាងឡើយ។

ក្រោយកើតមានហេតុការណ៍នេះ កម្លាំងសមត្ថកិច្ចជំនាញផ្នែកបង្ការ និងពន្លត់អគ្គីភ័យ បានចេញអន្តរាគមន៍ ជួយបាញ់ពន្លត់ និងទប់ស្កាត់ភ្លាមៗ រហូតដល់ម៉ោង ០២និង១៥នាទីរំលងអាធ្រាត្រ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះ ត្រូវបានពន្លត់ និងគ្រប់គ្រងបានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ឡាន ស្មើនឹង ១៦ម៉ែត្រគូប៕