2024-05-01 07:05
31

កំពង់ចាម៖ ថ្មីទៀតហើយ! មានករណីចាក់ថ្មរំលោភចូលច្រាំងទន្លេមេគង្គ ភូមិសាស្រ្ត ភូមិជ័យ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានសម្រេច ១០០ភាគរយ ក្រោយការបែកធ្លាយ រឿងអាស្រូវនេះ ត្រូវបានមហាជនរិះគន់ ទើបដឹងថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។

   បន្ទាប់បែកធ្លាយរឿងនេះ នៅថ្ងៃទី២៩ មេសា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពង់ចាម បានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវទីតាំងចាក់ថ្មរំលោភចូលច្រាំងាទន្លេមេគង្គ បានបញ្ជាក់ថា៖ «ពិតជាមានការចាក់ថ្មច្រាំងទន្លេ មានប្រវែងបណ្តោយច្រាំង ១៦៥ម៉ែត្រ ជម្រាលច្រាំង ១០ម៉ែត្រ និង ១៦ម៉ែត្រដែលផ្នែកខាងក្រោមចាក់ថ្មទប់ជម្រាលលយចូលក្នុងទឹកប្រាកមែន»។

រដ្ឋបាលខេត្ត បានបញ្ជាក់ទៀតថា៖ «សំណង់នេះ បានផ្ដើមធ្វើឡើងម្តងបន្តិចៗ រហូតបញ្ចប់សកម្មភាពទាំងស្រុង នៅខែមករា ឆ្នាំ២០២៤ ដោយពុំបានសុំច្បាប់ជាលាយលក្ខណ៍អក្សរនោះទេ។ ករណីនេះ ម្ចាស់ទីតាំងបានស្នើសុំផ្ទាល់មាត់ទៅកាន់មេឃុំមានជ័យ និងបានបញ្ជាក់ថា ការចាក់ថ្មនេះ គឺដើម្បីការពារទប់ច្រាំងទន្លេកុំឲ្យបាក់បន្តទៀត»។

   ចំពោះវិធានការ រដ្ឋបាលខេត្តកំពង់ចាម «តម្រូវឱ្យម្ចាស់ទីតាំងបញ្ឈប់សកម្មភាពចាក់ថ្មថែមទៀត និងរង់ចាំការវាយតម្លៃរបស់ក្រសួងធនធានទឹក និងឧតុនិយម អំពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់ជាមុនសិន»។  

   តាមការវាយតម្លៃបឋមរបស់ក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្តកំពង់ចាមថា៖ «ការចាក់ថ្មច្រាំងនេះ មិនទាន់ឈានដល់ការខូចខាតច្រាំងទន្លេ ឬធ្វើឲ្យប៉ះពាល់លំហូរទឹកទន្លេឡើយ។ ផ្ទុយទៅវិញ សំណង់នេះអាចជួយទប់ច្រាំងទន្លេមិនឲ្យបាក់បន្ត»។ ចំណែកពលរដ្ឋមានផ្ទះនៅក្បែរសំណង់នេះ បានបង្ហាញការសាទរចំពោះសំណង់នេះដែរ ដោយពួកគាត់យល់ឃើញថា «វានឹងជួយការពារច្រាំងទន្លេមិនឲ្យបាក់ដល់លំនៅដ្ឋាន»។

   រដ្ឋបាលខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា៖ «ដើម្បីការពារផ្លូវជាតិលេខ ៧០B ដែលគម្រាមកំហែងដោយការបាក់ច្រាំងជាបន្តបន្ទាប់ជាច្រើនឆ្នាំមកនេះ រដ្ឋបាលខេត្តក៏មានគម្រោងជួសជុលច្រាំងទន្លេនៅតំបន់នោះកុំឲ្យបាក់ស្រុត បន្តនៅពេលឆាប់ៗខាងមុខដែរ»។

  ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាមសូមស្វាគមន៍ចំពោះសប្បុរសជនទ ដែលមានបំណងចង់ចូលរួមអភិវឌ្ឍមូលដ្ឋាន ពិសេសសំណង់ច្រាំងទន្លេ តែសូមឲ្យមានកិច្ចសហការពីអជ្ញាធរ និង ស្ថាប័នជំនាញជាមុន ដើម្បីចូលរួមគាំទ្រផ្នែកច្បាប់ បច្ចេកទេស និងធានានូវតម្លៃនៃសមិទ្ធផល»៕