2024-09-08 04:09
37

ភ្នំពេញ៖ ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា៖ «ទំនប់អាងទឹកអូរតេ បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ»។ សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានលើកឡើងអំពីអត្ថប្រយោជន៍របស់ទំនប់អាងស្តុបទឹកអូរតេបែបនេះ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «ទំនប់អាងទឹកអូរតេ គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបាន ចំនួន ១២ លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី»។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ​ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ»

បច្ចុប្បន្ន អាងទឹកអូរតេនេះ ក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ផងដែរ ជាពិសេសធ្វើឱ្យបណ្តាខេត្តភូមិភាគឦសាន បង្កើននូវផលិតកម្មក្នុងវិស័យកសិឧស្សាហកម្ម និងបង្កើតបាននូវបរិស្ថានបៃតងគ្រប់ពេលវេលា ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងអភិវឌ្ឍន៍ពហុវិស័យកសាងប្រព័ន្ធទំនប់អាងទឹកអូរតេ ដែលអាចស្តុកទឹកសម្រាប់បម្រើឱ្យគ្រប់វិស័យ និងផ្គត់ផ្គង់ទឹកស្អាតបានចំនួនប្រមាណ ១២ លានម៉ែត្រគូប និងជាប្រភពទឹករស់សម្រាប់បម្រើឱ្យតំបន់ប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសានប្រទេសកម្ពុជា ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)