2024-06-20 06:06
134

ឧត្តរមានជ័យ៖ ក្តីបារម្ភរបស់ក្រុមកសិករអ្នកចិញ្ចឹមជ្រូក បានកើតមានសារថ្មី បន្ទាប់ពីឃើញជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម បានអនុញ្ញាតច្បាប់ឱ្យក្រុមហ៊ុនមួយ មានយីហោ ឌឿន សាមិត ឯ.ក នាំចូលសត្វជ្រូករស់ចូលមកពីប្រទេសថៃរាប់ម៉ឺនក្បាលចូលមកប្រទេសកម្ពុជា ដោយឆ្លងកាត់ខេត្តឧត្តរមានជ័យ និងល្បីថាគេនាំឆ្ពោះទៅប្រទេសវៀតណាម ដោយចូលតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ស្ថិតក្នុងភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រុមហ៊ុន ឌឿន សាមិត នេះ ធ្លាប់នាំចូលសត្វជ្រូករស់កាលពីប៉ុន្មានឆ្នាំមុន ហើយបាត់មុខរមួយរយៈពេលស្រាប់តែពេលនេះចេញមុខមកសាជាថ្មីម្តងទៀតនាំសត្វជ្រូករស់ចេញពីប្រទេសថៃយ៉ាងគគ្រឹងគគ្រេង ដែលធ្វើឱ្យប្រជាកសិករជាអ្នកចិញឹមសត្វ នៅខេត្តឧត្តរមានជ័យ វាអាចផលប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វជ្រូកក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ។

ជាក់ស្តែង នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០២៤នេះ ប្រជាកសិករចិញ្ចឹមសត្វជ្រូក បាននាំគ្នាចាប់ផ្ដើមអស់សង្ឃឹមសាជាថ្មី ក្រោយពីទទួលព័ត៌មានថា មានសត្វជ្រូករស់រាប់ម៉ឺនក្បាល បាននាំចូលពីប្រទេសថៃ តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ដោយមានលិខិតអនុញ្ញាតច្បាប់នាំចូលសត្វជ្រូករស់ចេញដោយ លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដោយមានសំណើរបន្តគោលការណ៍អនុញ្ញាតនាំជ្រូករស់ឆ្លងកាត់របស់ ក្រុមហ៊ុន ឌឿន សាមិត ឯក។

ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋបានសង្កេតឃើញរថយន្ដថៃ កំពុងមមាញឹកដឹកជញ្ជូនសត្វជ្រូករស់ពេញៗរថយន្ដដង្ហែជួរគ្នាចូលមកដឹកដីកម្ពុជា តាមច្រកទ្វាអន្តរជាតិអូស្មាច់ យកមកស្តុបទុកនៅក្នុងភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ តាមលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនសត្វ និងផលិតផល ដើមកំណើតពីសត្វរបស់ អគ្គនាយកដ្ឋាន ផលិតកម្មសត្វ និងសុខភាពសត្វ គឺបានដឹកទៅកាន់មាត់ច្រកចេញដូង ខេត្តស្វាយរៀង។

តាមប្រភពបានបង្ហើបថា ក្រុមហ៊ុន ឌឿន សាមិត ឯ.ក ដែលមានម្ខាស់ក្រុមហ៊ុន គឺលោក ឌឿន សាមិត នេះមានច្បាប់ចេញដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសិទ្ធនាំសត្វជ្រូករស់ចេញពីប្រទេសថៃ មានចំនួន៣ម៉ឺនក្បាល គឺចំនួន៣ច្រក តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្នុងខេត្តឧត្តរមានជ័យ, ច្រកទ្វារម៉ាឡៃ ក្នុងខេត្តបន្ទាយមានជ័យ និងច្រកទ្វារភ្នំដី ក្នុងខេត្តបាត់ដំបង។

លោក តាញ់ បុត្តា ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ដឧត្ដរមានជ័យ បានអ្នកសារព័ត៌មានក្នុងស្រុកថា៖ «សត្វជ្រូករស់នាំចូល និងដឹកជញ្ជូនបន្ត គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវស្របច្បាប់របស់ ក្រុមហ៊ុន ឌឿន សាមិត ឯ.ក»។

ពាក់ព័ន្ធករណីមានការនាំចូលសត្វជ្រូករស់តាមច្រកអន្តរជាតិទាំង៣ខេត្តពីប្រទេសថៃចូលមកកម្ពុជា និងគោលបំណងឆ្ពោះទៅកាន់ប្រទេសវៀតណាមនេះ ក្រុមការងារទូរទស្សន៍ អឹម អេស ជេ មិនទាន់ស្វែងរកការបញ្ជាក់បន្ថែមពីមន្ត្រីជំនាញឱ្យលម្អិតឡើយ ក្រុមការងាររងចាំការបកស្រាយគ្រប់ភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការផងដែរ៕