2024-11-09 08:11
16

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ាអុន ម៉ាអូណាត អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គមតំណាងដ៏ខ្ពង់ខ្ពស់ លោក ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាធិបតីដឹកនាំកិច្ចប្រជុំការជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោង “សមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដំណាក់កាលទី២” ក្នុងគោលបំណងពិភាក្សាលើវឌ្ឍនភាព បញ្ហាប្រឈម នៃការអនុវត្តសកម្មភាពគម្រោង និងការប្រើប្រាស់ថវិកាឆ្នាំ២០២៤ និងការណែនាំលើការរៀបចំនូវផែនការសកម្មភាពនិងថវិកាប្រចាំឆ្នាំ២០២៥។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោក ម៉ាអុន ម៉ាអូណាត បានគូសបញ្ជាក់ថា៖ “កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ ដើម្បីជំរុញដល់ការអនុវត្តសកម្មភាព និងការប្រើប្រាស់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិគោលដៅរបស់គម្រោងគណនេយ្យភាពសង្គមឱ្យបានទាន់ពេលវេលាកំណត់ និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៤ នៅក្នុងសេចក្តីសម្រេចរួមរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយនិងរដ្ឋបាលខេត្តគោលដៅហើយយើងក៏នឹងពិភាក្សាគ្នាអំពីការរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២៥”។

កិច្ចប្រជុំនេះ មានការចូលរួមពីលោក លោកស្រី អភិបាល នៃគណៈអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធការងារគណនេយ្យភាពសង្គមនៃខេត្តគោលដៅទាំង ១៨ សរុបចំនួន ៦១ រូប ស្រី១៣ រូប។

គួរបញ្ជាក់ផងដែរថា ការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ លេខាធិការដ្ឋាន គ.ជ.អ.ប. ទទួលបានការគាំទ្រថវិកាពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិបរធនបាលកិច្ច (Trust Fund) ដែល សម្របសម្រួលដោយធនាគារពិភពលោក៕