2024-11-09 09:11
17

ភ្នំពេញ៖ លោកស្រី Froukje Boele ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅក្នុងប្រទេសកម្ពុជា។ 

ការសន្យានេះ ធ្វើឡើងក្នុងឱកាស លោកស្រីត្រូវបានអនុញ្ញាត ឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ នៅទីស្តីការក្រសួងការងារ រាជធានីភ្នំពេញ។ 

ជំនួបនេះ ផ្តោតលើកិច្ចពិភាក្សាវឌ្ឍនភាពនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ឆ្នាំ២០២៣-២០២៧ ក៏ដូចជាកិច្ចការអាទិភាព ក្រោមផែនការសកម្មភាពរួមគ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (BFC) សម្រាប់ឆ្នាំ២០២៥។ 

តាមរយៈជំនួបនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានសម្តែងការស្វាគមន៍ លោកស្រី ហ្រ្វោកខ្ជិស ប៊ូឡឺ (Froukje Boele) ដែលទើបទទួលតួនាទីជាប្រធានគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) យ៉ាងកក់ក្តៅ។ 

ទន្ទឹមនេះ លោករដ្ឋមន្ត្រីសង្ឃឹមថាលោកស្រី Froukje Boele នឹងជួយធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបនៅក្នុងប្រទេសកម្ពុជា។ 

ជាការឆ្លើយតប លោកស្រី Froukje Boele សូមថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រីក្រសួងការងារ ដែលបានអនុញ្ញាតឱ្យ លោកស្រី និងក្រុមការងារបានចូលជួបសម្តែងការគួរសម និងជម្រាបជូនពីការងារមួយចំនួនរបស់ ILO-BFC។ លោកស្រី ក៏បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់៕