2024-11-12 12:11
13

ភ្នំពេញ៖ លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកវេទិកាសន្ទនាគោលនយោបាយក្រោមប្រធានបទ «ដំណើរឆ្ពោះទៅការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ រៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលួនដើម្បីកំណើនប្រកបដោយចីរភាព» នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ភូគីត្រា សហការរៀបចំដោយ ក្រសួងផែនការ និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

វេទិកាសន្ទនាគោលនយោបាយនេះធ្វើឡើងដើម្បីពិភាក្សាពីទស្សនៈពហុភាគីនូវផលប៉ះពាល់សង្គម-សេដ្ឋកិច្ច នៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច និងតម្រូវការចម្បងសម្រាប់អន្តរការដោយរលូន និងយូរអង្វែង មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល អ្នកជំនាញអភិវឌ្ឍន៍ តំណាងវិស័យឯកជន និងសង្គមស៊ីវិលផងដែរ។

គួរបន្ថែមថាក្នុងព្រឹត្តិការណ៍នេះក្រសួងផែនការ និង UNDP ក៏បានសហការដាក់ផ្សព្វផ្សាយនូវឯកសារគោលនយោបាយសង្ខេប ស្ដីពី «ការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច៖ ការត្រៀមខ្លួន និងសក្តានុពលនៃផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម» ផងដែរ។

លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានគូសបញ្ជាក់ថា៖ កិច្ចសន្ទនាគោលនយោបាយនាឱកាសនេះ មានគោលបំណងសំខាន់ៗចំនួន២ គឺ៖ ១) ដើម្បីលើកកម្ពស់ការយល់ដឹងរួមគ្នា អំពីទស្សនវិស័យនៃការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក៏ដូចជាឱកាសនិងផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមនៃការចាកចេញ និង ២) ដើម្បីប្រមូលធាតុចូលសំខាន់ៗពីភាគីពាក់ព័ន្ធ សម្រាប់ការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូនរបស់កម្ពុជា ដើម្បីធានាបាននូវមាគ៌ាប្រកបដោយនិរន្តរភាព។ 

លោករដ្ឋមន្ត្រី បានគូសបន្ថែមថា៖ «ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួច គឺជាការឆ្លុះបញ្ចាំងអំពីសមិទ្ធផល និងជោគជ័យដ៏ធំធេងនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលការចាកចេញនេះ នឹងបង្កើតបាននូវរបត់ប្រវត្តិសាស្ត្រថ្មីមួយទៀត នៃការរីកចម្រើនឥតឈប់ឈររបស់ប្រទេសកម្ពុជា ដែលជាមោទនភាពជាតិដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។  

ជាមួយគ្នានេះដើម្បីធានាបានថាការចាកចេញរបស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច មិនក្លាយជាឧបសគ្គដល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិស្ថាន កម្ពុជាត្រូវអនុវត្តយុទ្ធសាស្ត្រទូលំទូលាយសម្រាប់អន្តរកាលប្រកបដោយចីរភាព ដែលទាមទារនូវការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមាន ក្រសួង ស្ថាប័នរាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសង្គមស៊ីវិល ដើម្បីរៀបចំយុទ្ធសាស្ត្រអន្តរការដោយរលូន (Smooth Transition Strategy) ឱ្យបានគ្រប់ជ្រុងជ្រោយ។ លោករដ្ឋមន្ត្រីបន្ថែម។

លោក ប៊ិន ត្រឈៃ បានគូសរំលឹកថា៖ យុទ្ធសាស្ត្រអន្តរការដោយរលូន ត្រូវបន្ស៊ីជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើអាទិភាពគន្លឹះចំនួន ៦ គឺ៖ ១) ការពង្រឹង និងពង្រីកមូលធនមនុស្ស។ ២)ការធ្វើពិពិធកម្មសេដ្ឋកិច្ច។ 

៣) ការពង្រីកទីផ្សារពាណិជ្ជកម្ម។ ៤)ការទាក់ទាញការវិនិយោគបរទេស។ ៥) ការជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង ៦) ការពង្រឹងយន្តការគាំពារសង្គម។

គួរបន្ថែមថា ប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលជាប្រទេសអភិវឌ្ឍតិចតួច នៅឆ្នាំ១៩៩១ និងបំពេញបាននូវលក្ខណៈវិនិច្ឆ័យចាកចេញចំនួន ២ លើកជាប់ៗគ្នា ដែលវាយតម្លៃដោយគណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍នៅឆ្នាំ២០២១ និងឆ្នាំ២០២៤។ 

យោងតាមសំណើ និងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ កម្ពុជានឹងត្រូវចាកចេញជាផ្លូវការពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩៕