2024-11-13 01:11
12

គុនខ្មែរ៖ កីឡាករគុនខ្មែរ២រូប បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជាតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ដោយសុវត្តិភាពនៅយប់មិញនេះ ខណៈពួកគេមានភាពជឿជាក់ និងក្លាហាន ក្នុងការចេញទៅបង្ហាញក្បាច់គុនបុរាណខ្មែរ នៅក្នុងមហាព្រឹត្តិកាណ៍ការប្រកួតដណ្ដើមខ្សែក្រវាត់នាយករដ្ឋមន្ត្រីឡាវ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ នៅពហុកីឡាដ្ឋាន ចាវ អានុវង់ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីវេលាម៉ោង៤:៣០នាទីរសៀលតទៅ...។

ក្រុមអត្តពលិកគុនខ្មែរទាំងពីររូប ត្រៀមចេញទៅប្រកួតនៅលើទឹកដីប្រទេសឡាវនាពេលនេះ មានការរួមដំណើរដោយផ្ទាល់ពីកំពូលថ្នាក់ដឹកនាំ២រូប គឺលោកបណ្ឌិត ម៉េង សុភ័ណ្ឌ ទីប្រឹក្សាជាន់ខ្ពស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាប្រធានសមាគមសារព័ត៌មានអេឡិចត្រូនិច អឹម អេស ជេ (AEMSJ) និងជាអគ្គនាយកស្ថានីយ៍ទូរទស្សន៍ អឹម អេស ជេ ធីវី (MSJ TV) និងលោក ស្រឺ ស្រេង ហៅសំណព្វ ប្រធាន ISKA ពិភពលោកប្រចាំកម្ពុជា ផងដែរ។ គួររំលេចដែរថា ក្រោមការផ្ដល់ឧកាសឲកីឡាករគុនខ្មែរទាំងពីររូប ចេញទៅប្រកួតនៅប្រទេសឡាវនេះ គឺជាលើកទី២ ហើយដែរ។ ក្រៅអំពីមានវត្តមានកំពូលថ្នាក់ដឹកនាំទាំង២រូបខាងលើនេះ ជូនដំណើរកីឡាករគុនខ្មែរប្រកបដោយភាពកក់ក្ដៅខ្លាំងបំផុត ក៏មានការសហការគាំទ្រផ្ដាច់មុខដោយ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ក្នុងការនាំយកព្រឹត្តិការណ៍គ្រុឌគុនខ្មែរ ចេញទៅផ្សព្វផ្សាយក្បាច់គុនបុរាណខ្មែរឡើងលើឆាកអន្តរជាតិ។

គួរឲ្យដឹងដែរថា ក្រោមការគិតគូយ៉ាងយកចិត្តទុកដាក់ពីកំពូលថ្នាក់ដឹកនាំទាំង២រូប បានធ្វើឲ្យកីឡាករគុនខ្មែរ ធ្វើដំណើរទៅដល់ប្រទេសឡាវដោយសុខសុវត្តិភាពនៅយប់មិញនេះ ហើយពួកគេបានបន្តហ្វឹកហាត់ ត្រៀមលក្ខណៈក្នុងការថ្លឹងទម្ងន់នៅល្ងាចនេះ ពោរពេញដោយភាពជឿជាក់រៀងៗខ្លួន។ កីឡាករគុនខ្មែរមានរហ័សនាមអ្នកលេងជង្គង់ហោះស្រុកមោងឫស្សី ប៉ុង ពិសិដ្ឋ ជាកីឡាករមកពីក្លឹប MSJ គុនខ្មែរមោងឫស្សី និងជាសិស្សគុនរបស់លោកគ្រូ ប៉ុង សាមិត្ត បានបង្ហាញពីមហិជ្ជតាខ្ពស់បំផុត ក្នុងការយកឈ្នះលើដៃគូ ដោយរូបគេបានសម្រុកហ្វឹកហាត់មិនសំចៃកម្លាំង ដោយផ្ដោតលើគោលដៅតែម៉្យាង គឺផ្ដួលដៃគូឲ្យបោះបង់ការប្រកួតឲ្យបាន ហើយរូបគេក៏មិនចង់សិក្សាពីដៃគូច្រើនដែរ ព្រោះគេជឿថាបើរវល់មើលពីចំណុចខ្លាំង ឬចំណុចខ្សោយដៃគូច្រើនធ្វើឲ្យយើងបែកអារម្មណ៍ហ្វឹកហាត់ទៅវិញ តែប៉ុណ្ណោះ។ ទោះជាយ៉ាងណា ការប៉ះជាមួយម្ចាស់ផ្ទះអ្នកលេងគុនឡាវ កីឡាករ ដាន ស៊ីកត កីឡាករ ប៉ុង ពិសិដ្ឋ បានផ្ដាំទៅថា៖ សូមកុំរត់ សូមកុំថយអី ព្រោះខ្ញុំទៅវាយប្រដាល់ មិនមែនទៅរត់ប្រណាំងគ្នាទេ...! ។

ដោយឡែក កីឡាករគុនខ្មែរ ដែលមានរហ័សនាមលោកមេទ័ព សូត្រ ប៊ុនធី ក៏មានទស្សនៈមិនខុសពីសិស្សប្អូន ប៉ុង ពិសិដ្ឋ នោះដែរ រូបគេគឺផ្ដោតអំពីការហ្វឹកហាត់តែម៉្យាងប៉ុណ្ណោះ។ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺកីឡាករ សូត្រ ប៊ុនធី ធ្លាប់មានបទពិសោធន៍ប៉ះកីឡាករឡាវ ជាង៥០ដង មកហើយ គឺមិនដែលបានទៅប្រកួតដល់ផ្ទះគេបែបនេះពីមុនមកទេ។ ទោះជាយ៉ាងណា រហ័សនាមលោកមេទ័ព សូត្រ ប៊ុនធី បានសម្ដែងក្ដីរីករាយ និងអរគុណដល់ស្ថានីយ៍ទូរទស្សន៍ MSJTV ក៏ដូចជាក្រុមហ៊ុនវឌ្ឍនៈប្រូវើរី ដែលមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអគ្គនាយក បានផ្ដល់ឱកាសឲ្យចេញទៅប្រកួតនៅទឹកដីនៃប្រទេសឡាវជាលើកដំបូង និងសន្យាថា យកជ័យជម្នះត្រឡប់មកវិញឲ្យបាន។

សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាប្រដាល់គុនខ្មែរ ប៉ះជាមួយកីឡាករគុនឡាវ ក្នុងមហាព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នាយករដ្ឋមន្ត្រីឡាវ រួមមាន៖
-កីឡាករ ប៉ុង ពិសិដ្ឋ នឹងត្រូវប៉ះជាមួយកីឡាករ ដាន ស៊ីកត (Dhan Si Kot) ម្ចាស់ផ្ទះឡាវ ប្រកួតក្នុងប្រភេទទម្ងន់៥៨គីឡូក្រាម (គូទី៤) ។ 
-កីឡាករ សូត្រ ប៊ុនធី ត្រូវប៉ះជាមួយកីឡាករ អ៊ីង ភេត ម្ចាស់ផ្ទះឡាវ ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម (គូទី៨)។ កីឡាករគុនខ្មែរទាំង២រូប ខាងលើនេះ នឹងត្រូវប្រកួតមិត្តភាពអន្តរជាតិ។ ក្រៅពីនេះ ក៏មានការប្រកួតមិត្តភាពអន្តរជាតិជាច្រើនគូ ទៀតផងដែរ។ ការប្រកួតនឹងប្រព្រឹត្តិទៅ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិ ចាវ អានុវង់ ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ចាប់ពីម៉ោង ៤:៣០ តទៅ...។ សូមកុំភ្លេច! រង់ចាំតាមដានទស្សនាការផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ MSJ TV និងនៅលើហ្វេសប៊ុកផេក MSJ TV Kun Khmer និង MSJ TV និងនៅលើផេក KRUD SPORT ចាប់ពីវេលាម៉ោង៤:៣៥នាទីល្ងាច តទៅ...៕