2024-11-14 01:11
8

បន្ទាយមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ឃាត់ខ្លួន២នាក់ ក្នុងនោះម្នាក់ជាជនជាតិថៃ និងបិទទីតាំងផលិតនៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងផ្នែកប្រឆាំងគ្រឿងញៀ.នក្រុងប៉ោយប៉ែតបានឱ្យដឹងថាជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីលុបបំបាត់គ្រឿងញៀនកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវហើយកំណត់មុខសញ្ញានិងបង្ក្រាបទីតាំងផលិតភេសជ្ជៈទឹកក្រាធំ ដែលផលិតពីស្លឹកក្រាធំឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជនជាតិថៃត្រូវបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងរឹបអូសសម្ភារៈផលិតនិងចាក់កំទិចចោលទឹកក្រាធំដែលផលិតហើយប្រមាណជាង១០០ដប។

លោកបានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំ ត្រូវឃាត់ខ្លួនជនសង្ស័យ២នាក់ ម្នាក់ជាជនជាតិថៃនិងសម្ភារៈផលិតនិងទឹកក្រាធំដែលផលិតហើយត្រូវបានចាក់កំទិចចោលព្រោះទឹកក្រាធំប្រមាណជិត១០ឆ្នាំងនិងទឹកក្រាធំច្រកដបសម្រេចជាង១០០ដប។

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលកក្រុងប៉ោយប៉ែតបានបញ្ជាក់ថា ក្រោយចុះប្រតិបត្តិការបង្ក្រាបទីតាំងផលិតភេសជ្ជៈស្លឹកក្រាធំដែលឃាត់ខ្លួនជនសង្ស័យ២នាក់ម្នាក់ជាជនជាតិថៃ។ 

ក្រោយសាកសួរហើយអាចចាត់ការតាមផ្លូវច្បាប់ហើយត្រូវបានសុំគោលការព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបិតទីតាំងផលិតនិងរឹបអូសសម្ភារៈផលិតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ៕