2024-11-07 02:11
9

ភ្នំពេញ៖ នៅក្នុងសេចក្ដីជូនដំណឹងមួយកាលខែកញ្ញា, អគ្គិសនីកម្ពុជា (EDC) បានបញ្ជាក់ថា៖ «មានជនខិលខូចមួយចំនួនតូច បានឆ្លៀតឱកាសបន្លំខ្លួនជាបុគ្គលិករបស់អគ្គីសនីកម្ពុជា ទាក់ទងទៅអតិថិជនឱ្យភ្ជាប់កម្មវិធីទូរសព្ទរបស់អគ្គិសនីកម្ពុជា (EDC App) បន្ទាប់មកស្នើឱ្យអតិថិជនភ្ជាប់តំណ Link បន្ថែមរបស់គេ ដើម្បីឈានទៅបោកប្រាស់តាមរូបភាពផ្សេងៗ»។ 

អគ្គិសនីកម្ពុជា សង្កត់ធ្ងន់ថា «គ្មានការភ្ជាប់តំណ Link អ្វីផ្សេងនោះឡើយ ក្រៅពី EDC App ជាមួយមាតិកាខាងក្នុងដែលមានតម្រូវការ។ ដូច្នេះ សូមអតិថិជនមេត្តាប្រុងប្រយ័ត្នចៀសវាងការចាញ់បោកល្បិចរបស់ជនខិលខូច ចូលមកគ្រប់គ្រងគណនីរបស់លោកអ្នក ដើម្បីបង្កើតបញ្ហាផ្សេងៗ ក៏ដូចជាការធ្វើឱ្យបាត់បង់ថវិកា និងពេលវេលា»។ 
គួរបញ្ជាក់ថា ជនខិលខូចអាចប្រើគ្រប់មធ្យោបាយផ្សេងៗ ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ តាមរយៈការបន្លំខ្លួនជាបុគ្គលិករបស់ EDC។ ជនខិលខូចអាចបន្លំខ្លួនជាបុគ្គលិករបស់ EDC រួចខលមកអតិថិជន និងផ្ញើ Link ឱ្យអតិថិជនចុចចូល ដើម្បីឈានដល់ការលួចយកទិន្នន័យរបស់អតិថិជនជាដើម។ ក្រៅពីនេះ ជនខិលខូច ក៏អាចខលមកអតិថិជន រួចឱ្យអតិថិជនបង់ថ្លៃអគ្គិសនីតាមរយៈខ្លួន ដោយអះអាងថា EDC លែងចេញវិក្ក័យបត្រអគ្គិសនីផងដែរ។ 

ជាក់ស្ដែង គណនីហ្វេសប៊ុកឈ្មោះChorn Ratanak នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចែករំលែកពីអ្វីដែលក្រុមគ្រួសារគេបានជួបប្រទះ គឺមានជនឆបោកបន្លំខ្លួនជាមន្ត្រីអគ្គិសនីមកប្រាប់ថា  «ថ្លៃអគ្គិសនីឥលូវគេលែងចេញក្រដាសអោយហើយ ហើយបើត្រូវបង់លុយចាំបង់ថ្លៃភ្លើងតាមរូបគេ ចាំពេលអស់ប៉ុន្មានចាំគេប្រាប់»។

ពាក់ព័ន្ធករណីឆបោកបន្លំជាបុគ្គលិក អគ្គិសនីកម្ពុជា អ្នកលេងបណ្តាញសង្គមជាច្រើនបានចូល Comment ប្រហាក់ប្រហែលគ្នាថា៖ «មានច្រើនហើយករណីនេះ បងខ្ញុំក៏ធ្លាប់គេខលមក គេថាគេខាងអគ្គីសនី ហើយថាកុងទ័រភ្លើងមានបញ្ហាត្រូវដូរថ្មី ចឹងឱ្យវេរលុយទៅគេមុន ដើម្បីគេទៅទិញកុងទ័រថ្មី យកមកដាក់ទាល់ទៅសួរខាងអគ្គីសនីផ្ទាល់គេថាមិនដឹងរឿងទេ» និងអ្នកខ្លះទៀត ត្រូវក្រុមជនឆបោកទាំងនេះ ហៅទូរសព្ទចូលដោយតម្រូវឱ្យបង់លុយតាមរយៈខ្លួន ឬតាមការចូល Link របស់ពួកគេក៏មានជាដើម៕