2024-11-07 03:11
10

ភ្នំពេញ៖ លោក ដួង តារា ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង លោក ដួង តារា ពីរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមសំណើរទូលថ្វាយរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យសន្តិសុខផ្ទៃក្នុង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តន៍ដីកាបញ្ជាឲ្យនាំខ្លួន លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី ទៅកាន់ស្នងការដ្ឋាន  ដើម្បីធ្វើការសាកសួរ ពាក់ព័ន្ធនឹងបណ្ដឹងរបស់ប្រជាពលរដ្ឋ ពីបទឆបោកប្រាក់ បន្ទាប់ពីលោកទើបវិលត្រឡប់មកពីបំពេញទស្សនៈកិច្ចនៅប្រទេសចិន និងត្រូវបានសមត្ថកិច្ចបង្ហាញដឺការនាំខ្លួនទៅកាន់ស្នងការដ្ឋានរាជធានីភ្នំពេញតែម្តង។

ក្រោយពីឃាត់ខ្លួនសមត្តកិច្ចបានបញ្ជូន លោក ដួង តារា ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរតាមនីតិវិធី រហូតសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការ ពីបទ៖ «ឆបោក» តាមបញ្ញត្តមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ក្រោយការស៊ើបសួរចៅក្រមសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ដួង តារា ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន៕