2024-11-11 11:11
20

កម្មវិធីទស្សនកិច្ចនេះបានរៀបចំឡើង នៅថ្ងៃទី៩ និងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈក្បួនរថយន្តនៃដំណើរទស្សនកិច្ចបានចេញដំណើរពីរាជធានីភ្នំពេញក្នុងតម្រាយផ្លូវដែលបានកំណត់រួច គឺឆ្ពោះទៅកាន់ខេត្តរតនគិរី ក្រោមការរៀបចំ និងសម្របសម្រួលយ៉ាងរលូនពីសំណាក់ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ។

ហើយនៅពេលក្បួនដំណើរទស្សនកិច្ចមកដល់ខេត្តរតនគិរីត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ជាមួយគ្នានោះក៏បានពិនិត្យមើលឃើញដោយផ្ទាល់អំពីជីវភាពរស់នៅរបស់ប្រជាជនក្នុងខេត្តរតនគិរីជាក់ស្តែង ជាពិសេសគឺទីតាំងបង្គោលព្រំដែនលេខ៣០ រវាងកម្ពុជា-វៀតណាមនៅក្នុងតំបន់ភូមិសាស្ត្រខេត្ត អមដោយការអត្ថាធិប្បាយពន្យល់យ៉ាងលម្អិតដោយថ្នាក់ដឹកនាំនិងមន្ត្រីជំនាញពាក់ព័ន្ធនឹងការងារព្រំដែន ការងារបោះបង្គោល ខណ្ឌសីមាព្រំដែនគោក និងការថែរក្សាការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដីកម្ពុជា។ 

មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋដែលបានធ្វើដំណើរទស្សនកិច្ច ក៏បានឈ្វេងយល់ផងដែរអំពីស្ថានភាពពិតនៃសង្គម-សេដ្ឋកិច្ច និងវិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានខេត្តដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន។

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរកំសាន្តនៅរមណីយដ្ឋាន បឹងយក្ខឡោម ទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតតាមផែនការដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តរតនគិរីផងដែរ។

ដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋជាង២០០នាក់នៅខេត្តរតនគិរីនាពេលនេះ គឺជាសាក្សីរស់ស្តីពីការពិតនិងស្ថានភាពជាក់ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដីរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដើម្បីចែករំលែកបទពិសោធន៍អំពីដំណើរទស្សនកិច្ចនេះដែលពោរពេញដោយការផ្តល់នូវចំណេះដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្កឱកាសបង្កើនសាមគ្គីភាពជាតិកម្ពុជាឱ្យកាន់តែរឹងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្ស ជាពិសេសបញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាព សម្រាប់ជាប្រយោជន៍ជាតិ និងប្រជាជនផងដែរ៕