2024-11-13 10:11
11

(ត្បូងឃ្មុំ): ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកក្រូចឆ្មារ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយគណៈកម្មការទូក «ង» និងឧបត្ថម្ភ លើកទឹកចិត្ត ដល់ក្រុមកីឡាករទូក «ង» ទាំងអស់មកពីស្រុកក្រូចឆ្មារ ដែលត្រូវចូលរួមប្រកួត ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង។

ពិធីចុះជួបសំណេះសំណាល និងឧបត្ថម្ភអំណោយសម្ភារៈគ្រឿងឧបភោគ-បរិភោគ និងថវិកា ដល់គណកម្មការ និងកីឡាករអុំទូកនេះ ធ្វើឡើងនៅចំណតទូកផែថ្ម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ង៉ូវ ប៉ូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិ និងអភិបាល ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ផងដែរ ។

នាឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី បាន លើកទឹកចិត្តដល់ក្រុមកីឡាករទូក ង ទាំងអស់ ដែលមកពីស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សូមខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកនូវជ័យជម្នះ និងកិត្តិយសជូនដល់ក្រុមគ្រួសារ និងស្រុកក្រូចឆ្មារយើងនេះ។

ឯកឧត្តម បន្តថា ការប្រកួតប្រជែង តែងតែមានឈ្នះមានចាញ់ ជារឿងធម្មតា ដូច្នេះទោះបីជាលទ្ធផលយ៉ាងណាក៏ដោយ សូមបន្តស្មារតីសាមគ្គីភាព និងខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីយកជ័យជំនះក្នុងការប្រកួតឆ្នាំក្រោយៗទៀត។ ហើយការប្រកួតទូក ង នេះ មិនមែនគ្រាន់តែជាការប្រកួតដើម្បីរង្វាន់ ឬចាញ់ឈ្នះប៉ុណ្ណោះទេ ក៏ប៉ុន្តែ គឺជាការបន្តស្មារតី និងការរក្សាទំនៀមទម្លាប់បុរាណខ្មែរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប។

ជាមួយគ្នានោះឯកឧត្តម ផារ៉ា មង្គល បានផ្តាំផ្ញើដល់បងប្អូនកីឡាករទាំងអស់ ត្រូវតែរក្សា វិន័យ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ទទួលទានស្អាត មានអនាម័យ ថែរក្សាសុខភាពឲ្យបានល្អ និងសម្រាកឱ្យបានគ្រប់គ្រាន់ ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ សម្រាប់ការប្រកួតនាពេលខាងមុខនេះ ឲ្យទទួលបានលទ្ធផលល្អ។