2024-11-13 02:11
19

លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការរៀបចំការប្រឡងប្រជែង បានសម្រេចក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងារឆ្ពោះទៅកាន់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ចំនួន ៤ ក្របខណ្ឌ ខាងមុខនេះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»

ក្នុងនោះការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១ ០០០ កន្លែង និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន ១០០ កន្លែង នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់សាលាភូមិន្ទរដ្ឋបាល ចំនួន ៥០ កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលព្រឹក) និងសិស្សមន្ត្រីក្រមការសាលាភូមិន្ទរដ្ឋបាល ចំនួន ១៨០ កន្លែង នឹងប្រព្រឹត្តទៅ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (ពេលរសៀល) នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ 

សូមជម្រាបថា បេក្ខជន អាណាព្យាបាល និងសាធារណជនជ្រាបជាព័ត៌មាន និងត្រៀមលក្ខណៈ ឱ្យបានរួចជាស្រេចសម្រាប់ការប្រឡងប្រជែង នាពេលខាងមុខនេះ តាមរយៈការអនុវត្តនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះ គឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕