2023-04-05 12:04
350

តាកែវ៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងនញៀនដ៏សកម្មម្នាក់ មានប្រើប្រាស់អាវុធកែច្នៃបាញ់គ្រាប់កាំភ្លើង AK ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ទន្ទាទោសតាមច្បាប់។

ករណីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀន មានប្រើប្រាស់អាវុធកែច្នៃខាងលើ ធ្វើឡើងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ អនុវត្តន៍តាមបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងខេត្ត និងមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចចំការស្វាយ ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ក្នុងការចុះបង្ក្រាបមុខសញ្ញាខាងលើ ជាលទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ មានឈ្មោះ ម៉ៅ កំសាន្ត ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិស៊ីស្លា ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ដោយដកហូតវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា ចំនួន០២កញ្ចប់ ទម្ងន់២៤,២៧ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ,ដាវដែកចំនួន០១ដើម ,ទូរសព្ទ័០១គ្រឿង ,កាំភ្លើងកែឆ្នៃបាញ់គ្រាប់ AK ចំនួន០១ដើម និងគ្រាប់ AK ចំនួន០១គ្រាប់ រួមទាំងសម្ភារៈសេព និងវេខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្ន ​ជនសង្ស័យរួម និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមច្បាប់៕