2023-04-06 05:04
341

ខេត្តប៉ៃលិន÷ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង​​គោក អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជាការ អគារស្នាក់នៅ និងសមិទ្ធផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេច​អគ្គ​​​មហា​​​សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនតំបន់ប្រតិបត្តិ ការសឹករងប៉ៃលិន យោធភូមិ​​​​ភាគទី៥ កងទ័ពជើងគោក នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣។

ពិធីនេះក៏មានការ ចូលរួមមន្រ្តីយោធាជាន់ខ្ពស់​​គ្រប់លំដាប់ថ្នាក់ រដ្ឋបាលខេត្តប៉ៃលិនដែលដឹកនាំដោយ លោកជំទាវ បាន ស្រីមុំ និងមន្រ្តីរាជការ មន្ទីរ-អង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនកុះករ។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះការទទួលបាន នូវសមិទ្ធផលជាច្រើន​​​របស់តំបន់ប្រតិបត្តិការសឹករង​​​ប៉ៃលិន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គភាពសម្ព័ន្ធមេត្រីភាព ក៏ដូចជាការចូលរួមចំណែកជា​​​បដិភាគផ្ទាល់របស់យោធិនក្នុងអង្គភាព ដោយសមិទ្ធផលថ្មីទាំងនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងដោយជួយ​​​សម្រួល​​​ការងារប្រចាំថ្ងៃរបស់អង្គភាពបានមួយកម្រិតធំ និងធានាបាននូវប្រសិទ្ធភាពការងារបន្ថែមទៀត។

ឧត្តមសេនីយ៍ឯក ក៏បានសូមគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយជានិច្ចជាកាល សម្តេច តែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់យោធិន និងគ្រួសារយោធិននៅគ្រប់បណ្តាកងឯកភាព​​នៃកង​យោធពលខេមរភូមិន្ទ ហើយតែងបានជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងទាំងផ្នែកស្មារតី ថវិកា និងសម្ភារ ដើម្បីជួយសម្រួល​ដល់ការបំពេញការងារប្រចាំថ្ងៃការហ្វឹកហ្វឺនរៀនសូត្រការបំពាក់សម្ភារបរិក្ខារផ្សេងៗការលើកស្ទួយជីវភាពសុខមាល​ភាពកងទ័ព និងគ្រួសារកងទ័ពតាមរយៈការកសាងជំរុំជម្រកស្នាក់នៅ និងការដោះស្រាយ​​​ប្រាក់ហូបប្រចាំថ្ងៃ ជាដើម រហូតយោធិនយើងប្រសិទ្ធនាមថាជា «អគ្គភស្តុភារជាន់ខ្ពស់» ដែលតែងតែយកចិត្តទុកដាក់​គិតសព្វគិតគ្រប់ ដោយសារ​ខ្លួនសម្តេចផ្ទាល់ ក៏ជាធ្លាប់យោធិន​​ដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាងនៅក្នុងភ្នក់ភ្លើងសង្គ្រាម។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត និងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងយោធិនតំបន់ប្រតិបត្តិការសឹករងប៉ៃលិនទាំងអស់ ដែលបានខិតខំពុះពារបំពេញ​ភារកិច្ច រហូតសម្រេចបាននូវស្នាដៃ និងគុណបំណាច់ជាច្រើនទាំងលើការបំពេញភារកិច្ចស្នូលការកសាងអង្គភាពការងារហ្វឹកហ្វឺន និងអប់រំចិត្តសាស្ត្រការងារបង្កបង្កើនផល និងចិញ្ចឹមសត្វសំដៅធានាលើកកម្ពស់ជីវភាពយោធិន គ្រួសារយោធិន ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយភាគីមិត្ត។ ជាពិសេស ក្នុងដំណាក់កាលនៃការរាតត្បាត​សាកលនៃជំងឺកូវីដ-១៩ អង្គភាពក៏បានខិតខំយកចិត្តទុកដាក់ការពារសុខភាពរបស់យោធិន និងគ្រួសារយោធិន តាមរយៈការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ «៣កុំ ៣ការពារ» រួមជាមួយនឹងវិធានការសុខាភិបាល និងគោលការណ៍ណែ​នាំផ្សេងៗ ហើយក៏បានទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជម្រុញបាន ១០០%។ មួយវិញទៀត អង្គភាពក៏បានសកម្មចូលរួមសហការបំពេញភារកិច្ចផ្សេងៗទៀតដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩៕