2023-03-22 04:03
615

ភ្នំពេញ​ ៖​ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងអាជ្ញាធរមូលដ្ឋាន​ ព្រមទាំងមន្ត្រីជំនាញបង្ការ​ សង្គ្រោះអគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង​ ៦និង៣០នាទីព្រលប់ ថ្ងៃអង្គារ​ ៨រោច​ ខែផល្គុន​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤​ ខែមីនា ឆ្នាំ២០២៣ សិ្ថតក្នុងភូមិឫស្សី​ ក្រុម១៧​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា​ មុនកើតហេតុមានគេលឺសម្លេងផ្ទុះចេញពីក្នុងផ្ទះ​ (មិនប្រាកដថាផ្ទះមួយណា​ នៃផ្ទះដែលត្រូវភ្លើងឆេះ)ដោយពលរដ្ឋខ្លះបង្ហើបប្រាប់ថា​ សង្ស័យទុស្សេខ្សែភ្លើង​ ឯខ្លះថាមកពីផ្ទុះកំប៉ុងហ្គាស រហូតមានអណ្ដាតភ្លើងឆាបឆេះបន្តិចម្ដងៗឡេីងសន្ធោសន្ធៅ​ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តបង្ការ​ សង្គ្រោះអគ្គិភ័យ​ មកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើង​ ទេីបនៅវេលាម៉ោង​ ៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង​ ។ 

    ជុំវិញករណីអគ្គិភ័យខាងលើនេះ​ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ​ ក្នុងនោះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ដោយអគ្គិភ័យបានឆាបឆេះខូចខាតផ្ទះថ្មប្រក់ស័ង្កសីអស់​ ០១ខ្នង​ នឹងផ្ទះឈើលើថ្មក្រោមចំនួន​ ០៤ខ្នងអស់ទាំងស្រុង​ ហើយឆេះរាលដាលចំនួន​ ០២ខ្នងទៀត​ ប្រហែល​ ៣០%​ ខណៈប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ​ ចំនួន​ ០២គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០២ឡាន​ ស្មើរនឹង​ ០៨ម៉ែត្រគូប,​ រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប,​ រថយន្តរបស់ទីក្រុងនរា​ ចំនួន​ ០១គ្រឿង​ ប្រើប្រាស់ទឹកអស់​ ០១ឡាន​ ស្មើរនឹង​ ០៤ម៉ែត្រគូប,​ រថយន្តរបស់កងពលតូចលេខ៧០​ ចំនួន​ ០៤គ្រឿង​ ពុំបានប្រើប្រាស់ទឹក,​ រថយន្តរបស់​ក្រុមហ៊ុន​ OCIC ជ្រោយចង្វា​ ចំនួន​ ០៦គ្រឿង​ ពុំបានប្រើប្រាស់ទឹក៕