2023-03-22 11:03
553

ខេត្តប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឱ្យឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងកិច្ចសហការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម ព្រមទាំងជូនពរក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ផងដែរ។

ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ បានមានប្រសាសន៍ លើក ឡើងថា៖ ការអញ្ជើញ មកខេត្តប៉ៃលិននៅពេលនេះ គឺដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ប្រកបដោយភាព ស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំង២ ព្រមទាំង ជូនពរ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តប៉ៃលិន ក្នុងឱកាសទិវានារីអន្តរជាតិ ០៨មីនា ដែលឈានចូលមកដល់នាពេលខាងមុខ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គកុងស៊ុលវៀតណាម ក៍បានមានប្រសាសន៍កោតសរសើរចំពោះ រដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយពីប្រទេសដែលខ្ទេចខ្ទាំដោយសារភ្លើងសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ។

ជាការឆ្លើយតបក្នុងជំនួបនោះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក៏បានសម្តែងនូវ ការ ស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការ ទូត របស់ឯកឧត្តមស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមាន ស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិបត្តិការល្អលើគ្រប់វិស័យ យ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹង នូវកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) ។

លោកជំទាវ អភិបាលខេត្ត បានមាន ប្រសាសន៍ លើក ឡើង ថា៖ រាជរដ្ឋា ភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន បានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាព និងមាន ការ អភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយ ទឹក និងវត្ត អា រាម ជាដើម ជាពិសេសកិច្ច សហ ប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកល លោក ដែលផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ ។

ក្នុងនោះផងដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍រំលឹកថា៖ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់រូប បានចងចាំពុំអាច ភ្លេចនូវវិរភាព និងគុណូបការៈរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីបុព្វហេតុស្វែងរកសន្តិភាព និងសេរីភាព ជូនប្រជាជនកម្ពុជា ហើយជាក់ស្តែងពេលបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន កំពុងសហការជាមួយភាគីវៀតណាម ក្នុងការស្វែងរុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅទឹកដីខេត្តប៉ៃលិន ដើម្បីធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ ។