2023-03-27 10:03
811

ភ្នំពេញ ៖ សុជីវធម៌ សីលធម៌ និងគុណធម៌ ត្រូវបានសង្គមចាត់ទុកថាជាបណ្ដុំនៃ​គុណ​តម្លៃដែល​មនុស្សម្នាក់​មិនអាច​ខ្វះ​បានឡើយ​ គ្រាន់តែ​ថា ធម៌​ទាំង៣ ​នេះ មានគុណតម្លៃ​ផ្សេងៗពីគ្នា​ប៉ុណ្ណោះ​។ នេះជាការលើកឡើង របស់លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា, សុជីវធម៌ សីលធម៌ និងគុណធម៌ ដូចខាងក្រោម : 

១. សុជីវធម៌ គឺសំដៅលើកាយវិការ និងឥរិយាបថសមរម្យ និងពាក្យសម្តីវាចា ពីរោះ សុភាពរាបសា ដែលសង្គមទទួលស្គាល់ និងឱ្យតម្លៃ។ ជាឥរិយាបថដែល មើលទៅគាប់ភ្នែក និងពាក្យសម្តី ដែលស្តាប់ទៅមិនទើសត្រចៀក ដែលមនុស្ស ទូទៅក្នុងសង្គមត្រូវតែនាំគា្នប្រកាន់ខ្ជាប់ និងប្រព្រឹត្តជារៀងរាល់ថ្ងៃ នោះគឺជា សុជីវធម៌។

២. សីលធម៌ គឺសំដៅទៅលើទឹកចិត្ត និងចេតនានៃទង្វើ ជាជាងកាយវិការ ឥរិយាបថ និងពាក្យសម្តី។ សីលធម៌ គឺជាភាពត្រឹមត្រូវចរិតនិស្ស័យល្អៗ និងគំនិត ល្អៗរបស់មនុស្ស ដែលប្រកាន់ខ្ជាប់ក្នុងចិត្ត ទោះជាមានអ្នកដទៃដឹង ឬមិនដឹងក៏ ដោយ។ ការតាំងចិត្តថា មិនធ្វើអំពើអាក្រក់ ឬមិនប្រព្រឹត្តទង្វើមិនគួរគប្បីណា មួយ ឬមិនបង្កការក្តៅក្រហាយ ឬការឈឺចាប់ដល់អ្នកដទៃ នោះគេហៅថា សីលធម៌។

៣. គុណធម៌ គឺជាទឹកចិត្តអាណិតមេត្តា ដែលកើតមានចំពោះអ្នកដទៃ ហើយចង់ ជួយអ្នកដទៃតាមរបៀប ឬមធ្យោបាយណាមួយដោយសុចរិតបរិសុទ្ធ។ គេអាច និយាយបានថា ឱ្យតែនរណាម្នាក់ ឬសង្គមតូចណាមួយទទួលបានអ្វីមួយពីបុគ្គល ណាម្នាក់ ឬក្រុមណាមួយនូវអំពើល្អ អំពើដែលមានប្រយោជន៍ ការអធ្យាស្រ័យ ការជួយយកអាសា ឬជួយសង្គ្រោះ ឬក៏ការលើកលែងទោសឱ្យនោះ នោះ ហើយគឺ គុណធម៌ ៕