2023-03-22 03:03
608

ពោធិ៍សាត់៖ អតីតទណ្ឌិតម្នាក់ធ្លាប់ជាប់ពន្ធនាគារដោយសារករណីជួញដូរគ្រឿងញៀន រួមជាមួយនារីជាសង្សារបានយកផ្ទះសំណាក់បែបប៊ូទិក "រលាប" ក្រុងពោធិ៍សាត់ ដើម្បីបន្តមុខរបរចាស់លក់គ្រឿងញៀន ត្រូវបាននគរបាលស្រាវជ្រាវបង្ក្រាបបញ្ជូនខ្លួនឲ្យទៅដេកគុកសារជាថ្មី។ ក្រោយពីទទួលបានព័ត៌មាន ពីភ្នាក់ងារសំងាត់ថា មានករណីជួញដូរគ្រឿងក្នុងផ្ទះសំណាក់មួយកន្លែង កម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ "រលាប" ក្រោមមានការសម្របសម្រួលនិតិវិធីដោយតំណាងអយ្យការសាលាដំបូងខេត្តពោធិ៍សាត់ ឃាត់ខ្លួនមុខសញ្ញាសង្ស័យពីរនាក់ រួមទាំងវត្ថុតាងមួយចំនួនផងដែរ។ 

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចបន្ទប់លេខ១១៣ នៃផ្ទុះសំណាក់យីហោ "រលាប" ស្ថិតនៅភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់។ 

ជនជាមុខសញ្ញាសង្ស័យទាំងពីរនាក់ រួមមាន៖ 

ទី១-ឈ្មោះ អ៊ុន ផល្លា ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដូងជ្រំ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ ជាមុខសញ្ញាចាស់ ទើបចេញពីពន្ធនាគារ និងទី២- ឈ្មោះ កែវ សៅរី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្ទះគរ ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

នគរបាលបានឲ្យដឹងថា សម្ភារៈដកហូតរួមមាន៖ ម្សៅក្រាម ពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១២កញ្ចប់ ស្មើនឹងទម្ងន់ចំនួន៩០.០២ក្រាម , ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងគ្រឿងញៀន ០១គ្រឿង , ទូរស័ព្ទដៃចំនួន០៦គ្រឿង , ដែកកេះ០១ , កាបូបពណ៌ក្រហម-ខ្មៅ ចំនួន០១ ,នកន្រ្តៃពណ៌ក្រហម០១ , ម៉ូតូ០២គ្រឿង។ 

បចុប្បន្ន មុខសញ្ញាជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ត្រូវបាននាំយកទៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៀត៕