2023-07-16 12:07
424


ភ្នំពេញ៖ ដោយទទួលបាននូវបទបញ្ជានិងគោលការណ៍ដឹកនាំដ៏ម៉ឺងម៉ាត់ពីលោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញនគរបាលយុត្តិធម៌ខណ្ឌ-ប៉ុស្តិ៍ ដឹកនាំដោយលោក វរសេនីយ៍ត្រី ផេង ចំរើន បានចុះល្បាតស្រាវជ្រាវរកមុខសញ្ញាក្រុមក្មេងស្ទាវមួយក្រុមដែលបានប្រើហឹង្សាទៅលើជនរងគ្រោះបង្កការខូចខាតដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅលេីផ្លូវលេខ៧០កែងអតីតផ្លូវរថភ្លេីង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ 


   ជាក់ស្តែងនៅម៉ោង១០យប់ថ្ងៃទី១៥ខែកក្តដា ឆ្នាំ២០២៣ សមត្ថកិច្ចយើងបានឃាត់ខ្លួនក្មេងស្ទាវមួយក្រុមដែលធ្វេីសកម្មភាពបង្ហោះម៉ូតូ និងបង្កភាពអនាធិបតេយ្យនៅម្តុំបឹងកក់ដើម្បីធ្វើការសាកសួរ 
   បន្ទាប់ពីឃាត់ខ្លួនបានហើយសមត្ថកិច្ចបាននាំយកក្រុមក្មេងស្ទាវទាំងនោះទៅធ្វើតេស្តរកសារធាតុញៀន ឆែកឆេររកវត្ថុតាង និងអប់រំណែនាំឱ្យក្រុមក្មេងទាំងនោះត្រឡប់ទៅកាន់គេហដ្ឋានរៀងៗខ្លួនវិញ។
   សូមបញ្ជាក់ផងដែរថា នៅម៉ោង៩យប់ ថ្ងៃទី១៥ខែកក្កដាឆ្នាំ២០២៣ មានករណីហិង្សាបង្កដោយក្រុមក្មេងស្ទាវមួយក្រុមមានគ្នាប្រហែល១០នាក់ ជិះម៉ូតូចំនួន៥គ្រឿងប្រដាប់ដោយដាវបានព្រួតគ្នាវាយទៅលើយុវជនម្នាក់មានមុខរបរជាអ្នកដឹកជញ្ជូន បណ្តាលអោយខូចខាតម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២៣យ៉ាងធ្ងន់ធ្ងរ ។  បន្ទាប់ពីកើតហេតុជនរងគ្រោះបានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកផងដែរ ។ ភ្លាមៗនោះក្រោយពីទទួលពាក្យបណ្តឹង លោកវរសេនីយ៍ឯក ទៀង ចន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានដាក់បទបញ្ជាដល់កម្លាំងជំនាញផ្នែកយុត្តិធម៌ខណ្ឌ សហការជាមួយប៉ុស្តិ៍អោយចុះទៅដល់កន្លែងកើត ស្រាវជ្រាវរកមុខសញ្ញាដើម្បីយកមកចាត់ការតាមផ្លូវច្បាប់។ ពេលចុះទៅដល់ កម្លាំងយើងបានប្រទះឃើញក្រុមក្មេងស្ទាវមួយក្រុមក៏បានធ្វើការឃាត់ខ្លួនសាកសួរ ។
   ក្រោយពេលសាកសួរ និងឆែកឆេររួចមក សមត្ថកិច្ចរកមិនឃើញនូវវត្ថុតាងគួរអោយសង្ស័យអ្វីទេ ក៏បានធ្វើរបាយការណ៍និងបានណែនាំក្រុមក្មេងស្ទាវទាំងនោះអោយត្រឡប់ទៅគេហដ្ឋានរៀងៗខ្លួនវិញ ៕