2023-04-28 05:04
2626

ភ្នំពេញ៖ អតីថិជនជាភ្នាក់ងារក្រុមហ៊ុន Wing និង Wing Bank កំពុងរងការចោទប្រកាន់ថា បានបង្កក់ប្រាក់ ឬរឹបអូសពីភ្នាក់ងាររបស់ខ្លួនទូទាំងប្រទេសរាប់រយនាក់ ក្នុងមួយកន្លែងចំនួន៤០០០ដុល្លារឡើងដោយមិនបានជួនដំណឹងជាមុននោះឡើយ។


នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៨ នេះ គណនីហ្វេសប៊ុកឈ្មោះ   Ta Ta បានសរសេរថា «ខ្ញុំបាទមានរឿងហួសចិត្ត នឹកស្មានមិនដល់ ក្រុមហ៊ុន Wing ឬ Wing bank បានបង្កកលុយ ឬរឹបអូសលុយ ភ្នាក់ងារWing រាប់រយភ្នាក់ងារទូទាំងប្រទេស ក្នុងមួយភ្នាក់ងារ 4000$ ឡើងទៅ ដោយមិនបានប្រាប់ ឬបង្រៀនមុន ដោយពឹងផ្អែកលើឯកសារមួយសន្លឹក ដែលភ្នាក់ងារចុះកិច្ចសន្យាដោយគ្រាន់តែប្រាប់ថា ជាកិច្ចសន្យាបន្តកុងត្រាធ្វើជាភ្នាក់ងារ Wing បន្តនឹងមិនបានប្រាប់ច្បាស់លាស់បញ្ចាក់បន្ថែមពីអត្ថន័យគ្រប់គ្រាន់ ឬបង្រៀនបន្ថែមមកកាន់ភ្នាក់ងារទេ»។
គណនីហ្វេសប៊ុកដដែល បានសរសេរទៀតថា «ដោយភ្នាក់ងារសុទ្ធតែជាភ្នាក់ងារធ្លាប់សហការណ៍ជាមួយក្រុមហ៊ុន Wing ឬ Wing bank ក៏ចុះកុងត្រាបន្តដោយមិននឹកស្មានថាមានកាត់កាត់លុយ ឬបង្កក់លុយភ្នាក់ងារឆៅៗពីកុង Wing ដោយមិនមានការយល់ព្រមពីភ្នាក់ងារនោះទេនឹងចេញលិខិតហាមឃាត់ ភ្នាក់ងារជួបជុំគ្នាតវ៉ា ដោយមិនមានការដោះស្រាយរយះពេលយូមកហើយ ទាំងដែលក្រុមហ៊ុនកាត់លុយភ្នាក់ងារទាំងបំពាន នឹងមិនមានការយល់ព្រមពីភ្នាក់ងារ និងហាមភ្នាក់ងារជួបជុំពិភាគសារ ដោះស្រាយដោយសន្តិវិធី អំពើនេះខ្ញុំបាទគិតថា ខ្លាំងជាងច្បាប់រដ្ឋាភិបាលទៀត ស្មើរនឹងលិខិតគំរាមដោយប្រយោល »។
គណនីហ្វេសប៊ុក TaTa បានសរសេរបន្ថែមទៀតថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋមួយរូប ឃើញថាអំពើនេះជាការបំពានទាំងស្រុងដល់ភ្នាក់ងារ Wing ទាំងអស់ ព្រោះការរឹបអូស ឬ បង្កក់ទ្រព្យសម្បត្តិឯកជន គឺជាអំពើមិនត្រឹមត្រូវ សូមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយប្រជាពលរដ្ឋដែលជាអ្នករកស៊ីលក់ដូរត្រឹមត្រូវទាំងអស់គ្នាផងបាទ សម្តេចតេជោ ហ៊ុនសែន ពីការគោរព នឹងស្រលាញ់ពីកូនៗ អរគុណសន្តិភាព អរគុណដល់សម្តេចពុក សម្តេចតេជោ ហ៊ុនសែន»។
យោងតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២២ របស់ធនាគារវីង ស្ដីពី ភាពផ្តាច់មុខជា ភ្នាក់ងារវីង តាមគោលការណ៍របស់ធនាគារវីង (ខេមបូឌា) ម.ក និងការអនុវត្តន៍ការផាកពិន័យជាទឹកប្រាក់ចំនួន ៤,០០០ដុល្លារអាមេរិក ឬ ១៦លានរៀល ចំពោះភ្នាក់ងារដែល ប្រព្រឹត្តិខុសគោលការណ៍ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរបស់ភ្នាក់ងារវីង។
ពាក់ព័ន្ធករណីបង្កក់លុយ ឬកាត់លុយដោយមិនបានជួនដំណឹងដល់អតិថិជនជាភ្នាក់ងារ Wing និង Wing Bank នេះភ្ញាក់ងារទូទាំងប្រទេសមានគម្រោងជួបជុំគ្នាដើម្បីពិក្សាររកដំណោះស្រាយជាក្រុមហ៊ុន ប៉ុន្តែត្រូវបានក្រុមហ៊ុនចេញលិខិត ស្តីពី ការហាមឃាត់ការញុះញ៉ុង និងការប្រមូលផ្ដុំគ្នាខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ធនាគារវីង ព្រមទាំងរំខានដល់ភ្នាក់ងារវីងផ្សេងទៀត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Wing និង Wing Bank ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះដែលបណ្តាញសារព័ត៌មាន MSJ TV ទទួលបាននៅថ្ងៃនេះ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Wing បានបញ្ជាក់ថា «នាពេលថ្មីៗនេះ ធនាគារ វីង បានទទួលការរាយការណ៍ពី ភ្នាក់ងារវីងមួយចំនួនដែលបានសម្ដែងពីការមិនពេញចិត្តចំពោះភ្នាក់ងារវីងមួយចំនួនតូច (ភ្នាក់ងារដែលប្រព្រឹត្ត ខុសគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង ដូចមានយោងខាងលើ) បានផ្តើមគំនិត និងបង្កើតជាក្រុមដាច់ដោយឡែកនៅក្នុងបណ្តាញសង្គម ក្នុងគោលបំណងញុះញ៉ង និងបំផុសបំផុលឲ្យមានការជួបជុំដើម្បីតវ៉ានានា ពាក់ព័ន្ធនឹងការផាកពិន័យ និងការបញ្ឈប់ជាភ្នាក់ងារវីង ដោយសារមូលហេតុនៃការប្រព្រឹត្តខុសពីគោលការណ៍ និងកិច្ចព្រមព្រៀងភ្នាក់ងារវីង»។
សូមបញ្ជាក់ថា ក្រុមហ៊ុន Wing ឬ Wing Bank ជារបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីល្បាញ និងសេដ្ឋីប្រាក់ពាន់លាន់ដុល្លារនៅកម្ពុជា ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៩ ដោយធនាគារ ANZ នៅកម្ពុជា ជាក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរប្រាក់តាមប្រព័ន្ធ ឌីជីថល ដល់ប្រជាជនកម្ពុជា និងបានពង្រីខ្លួនជាបន្តបន្ទាប់តាមដំណាក់កាលប្រែក្លាយទៅជាធនាគារ Wing ដូចសព្វថ្ងៃនេះ៕